ផលិត​ផល​ទឹក​ម្ទេស​ ទឹក​សៀង​ និង​ទឹក​ប្រេង​ខ្យង ​សរុប​ជាង​៩តោន ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅ​ខណ្ឌ​សែនសុខ​

11415

ភ្នំពេញ៖ ​ទីតាំង​ផលិត​ទឹក​សៀង ​ទឹក​ម្ទេស ​ទឹក​ត្រី​កោះកុង ​និង​ទឹកប្រេង​ខ្យង ​១​កន្លែង ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែនសុខ ​ដែល​គ្មាន​ស្តង់​ដារ ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ​ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​គណៈកម្មាធិការ​បង្ក្រាប​ផលិតផល​ក្លែង​ក្លាយ​ចុះឆែក​ឆេរ ​និង​បង្ក្រាប​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​តុលា​ ឆ្នាំ​២០១៧​ នៅ​ទីតាំង​សិប្បកម្ម ​យីហោ “​ហូលាង”​ ស្ថិត​នៅ​ដីឡូត៍​លេខ​៣៤៤​ ផ្លូវ​ហាណូយ ​(១០១៩) សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ​ រាជ​ធានី​ភ្នំពេញ​។

មន្ត្រី​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ទីតាំង​ខាង​លើ​ឈ្មោះ ​ប៊ួយ ហូ ដោយ​ទីតាំង​នេះ​ម្ចាស់​បាន​សុំ​ច្បាប់​ផលិត​តែ​២​មុខ​ប៉ុណ្ណោះ ​ប៉ុន្តែលួច​ផលិត​ច្រើន​មុខ​ និង​គ្មាន​ស្តង់ដារ​ត្រឹម​ត្រូវ​ រួម​មាន​ទឹក​សៀង​ ទឹក​ម្ទេស ​ទឹកត្រីកោះកុង ​និង​ប្រេង​ខ្យង​ ដោយ​ពុំ​បាន​សុំ​ចុះ​បញ្ជីផលិត​ផល ​(ចបផ) ​ជាមួយ​ស្តង់​ដារ​កម្ពុជា​ឡើយ​។

ជាក់​ស្តែង ​ក្រោម​កិច្ច​បង្ក្រាប​នេះ ​សមត្ថកិច្ច​បាន​រក​ឃើញ​ផលិត​ផល​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ​សរុប​ប្រហែល​៩​តោន ​និង​បាន​បន្ត​យក​ទៅ​ពិសោធន៍ ​រក​មើល​សារធាតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​ប្រើប្រាស់ ​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​។ដោយឡែក​ទីតាំង​ខាង​លើ​ត្រូវ​បាន​បិទទ្វា ​បញ្ឈប់​ឲ្យ​ដំណើរ​ការ​បណ្តោះ​អាសន្ន​ផង​ដែរ​ ។

សូម​បញ្ជាក់​អោយ​ដឹង​ថា ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ ​ទូច​ យុទ្ធា ​សហការ​ជាមួយ ​សមត្ថកិច្ច​កាំកុង​ត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក​ គង់ វុទ្ធី ​ បាន​ឆ្មក់​ចុះ​ធ្វើ​ការ​ពិនិត្យ ​សិប្បកម្ម​ផលិត​ទឹក​ម្ទេស ​មួយ​កន្លែង ​ស្ថិតនៅ​ចំណុច​ដីឡូលេខ​ ៣៤៤ ​តាម​បណ្តោយ​ផ្លូវ​លេខ ​១០១៩ ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជ​ធានី​ភ្នំពេញ​  កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​តុលា​ ​ឆ្នាំ​២០១៧  ​ក្រោយ​ត្រួត​ពិនិត្យ​បញ្ជាក់​ឃើញ​ថា ​ ពុំ​មាន​ច្បាប់​អនុញ្ញាតិ​នោះ​ឡើយ​ ៕ តារាវុទ្ធី