KARA ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​លើកដំបូង​ចុង​ឆ្នាំ​នេះ​

59

ប្រណាំង​រថយន្ត​៖ ភ្នាក់ងារ​រៀបចំ​ការ​ប្រណាំង​យានយន្ត​កម្ពុជា ឬ​ហៅ​កាត់​ថា KARA បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ប្លែក​លើកដំបូងនៅ​ខេត្ត​មណ្ឌលគិរី គឺ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Khmer Rally Raid 2017 ដែល​គ្រោង​ធ្វើឡើង​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃ​ទី​០៨ រហូតដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៧​នេះ។​តំណាង​ភ្នាក់ងារ​រៀបចំ​ការ​ប្រណាំង​យានយន្ត​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ​ស្ដីពី​បច្ចេកទេស និង​លក្ខខណ្ឌ​ប្រកួត​កាលពី​យប់មិញ​ថា នេះ​ជា​លើកដំបូង​ដែល​កម្ពុ​ជាមាន​រៀប​ចំ​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ ប៉ុន្តែ​ប្លែក​ពី​កម្មវិធី​ដទៃ​ដោយសារ​ព្រឹត្តិការណ៍​នេះ​ តម្រូវ​ឲ្យ​កីឡាករ​ចូលរួម​ត្រូវ​ស្វែងរក​ផ្លូវ​ជិះ​ដោយ​ខ្លួនឯង តាមរយៈ​សៀវភៅ​មួយ​ក្បាល​ដែល​គណៈកម្មការ​ផ្ដល់​ជូន​។​ ចំពោះ​គោលបំណង​ក្នុង​ការ​រៀបចំគឺ​ផ្ដោត​លើ​ការ​លើក​ស្ទួយ​ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ ប៉ុន្តែ​ជំ​ហ៊ាន​ដំបូង​ក្នុង​ការ​រៀប​ចំ​នេះ គណៈកម្មការ​បានសម្រេច​ទទួល​រថយន្ត​ចូលរួម​ត្រឹម ២០​គ្រឿង​ប៉ុណ្ណោះ ហើយ​អម​ជាមួយគ្នា​នោះក៏​នឹង​មាន​ក្រុម​ម៉ូតូ​ធំ​ប្រមាណ ៣០​គ្រឿង​ចូលរួម​ប្រកួត​ផង​ដែរ។

​សូម​បញ្ជាក់​ថា បន្ទាប់ពី​បញ្ចប់​បេសកកម្ម​រៀបចំ​ព្រឹត្តិការណ៍ Khmer Rally Raid 2017 នៅ​លើ​ទឹកដី​ខេត្ត​ទល់ដែន​ខាងលើ ក្រុមការងារ KARA ក៏បាន​ប្ដេជ្ញា​ពង្រីក​ព្រឹត្តិការណ៍​ឲ្យ​បាន​កាន់តែ​ធំ​ទូលាយ ដើម្បី​អូសទាញ​កីឡាករ​បរទេស​មក​ចូលរួម​កាន់​តែ​ច្រើន ពិសេស​គឺ​ពួកគេ​បាន​កំណត់​ទិសដៅ​រៀបចំ​ឲ្យ​បាន​គ្រប់ ២៥​ខេត្ត​-​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង៕
​អត្ថបទ លី ឈុន​ឡា