រដ្ឋមន្ត្រី​សាធារណការ​ ជំរុញ​ឲ្យ​មានការ​ពញ្ញាក់​អារម្មណ៍​ពលរដ្ឋ​ពី​ភាព​សោកសៅ​នៃ​គ្រោះថ្នាក់​ចរាចរណ៍

465

ប​ន្ទាយមានជ័យ ៖ ​ រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បាន​កើត​ឡើង​ដោយសារ​ការ​ធ្វេស​ប្រហែស​រ​បស់​ប្រជាពលរដ្ឋ​ខ្លួនឯង ដូច្នេះ​ត្រូវ​មាន​ការ​ជំរុញ​ឲ្យ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន ​និង​គោរព​ច្បាប់​ចរាចរណ៍​។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មកា​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ បាន​ជំរុញ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ អោយ​មាន​ការ​យល់ដឹង​ពី​ផល​ប៉ះពាល់​ដ៏​សោកសៅ នៃ​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​បាន​កើតមានឡើង​ដោយ​សារ​ការ​បើកបរ​ម៉ូតូ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព បើក​ហួស​ ល្បឿន​កំណត់ ​ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​ការដឹក​លើស​ទម្ងន់​កំណត់ ឬ​សំពីងសំពោង និង​ការ​បើកបរ​ក្រោម ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ជាដើម​។

ឯកឧត្តម​ បានធ្វើ​ការជំរុញ​ដូច្នេះ ក្នុង​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១២ ដែល បាន​ធ្វើ​ឡើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នេះ ​កាលពី​ម្សិលមិញ ​ដើម្បី​ជួយ​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ ​និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទូទាំងប្រទេស ពិសេស​អ្នកបើកបរ​យានយន្ត និង​អ្នករួមដំណើ​ទាំងអស់​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន​នូវ វិធានការ​ដែលមាន​ ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​៧​ចំណុច​។

ឯកឧត្តម​ បាន​បញ្ជាក់ថា ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​នេះ ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់ ចរាចរណ៍​ទាំងអស់គ្នា​។ នេះ​ជា​ក្តី​ប្រាថ្នា​ចម្បង​មួយ​របស់​រាជ​រដ្ឋាភិបាល​ ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ដោះស្រាយ ទុក្ខ​កង្វល់​ប្រជាពលរដ្ឋ បាន​លើកទឹកចិត្ត​ឲ្យ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​រៀបចំ​ពិធី​នេះ ​ឡើងជា​រៀងរាល់ឆ្នាំ ​គិត ចាប់ពី​ឆ្នាំ​២០០៦​មក​៕