ជន​អន្តោប្រវេសន៍​​ជិត ៣០០​នាក់​​ត្រូវ​បាន​​​គេ​ជួយ​សង្គ្រោះ​​នៅ​​ឆ្នេរ​សមុទ្រ​​ប្រទេស​លីប៊ី​

213

លីប៊ី៖ ក្រុម​មន្ត្រី​​បាន​និយាយ​ថា ឆ្មាំ​ល្បាត​ឆ្នេរ​​លីប៊ី​បាន​​សង្គ្រោះ​​ជន​អន្តោប្រវេសន៍​​ ២៩៩​នាក់​​​មក​ពី​ប្រទេស​មួយ​ចំនួន​​ នៅ​អនុ​តំបន់​​​អាហ្វ្រិក​សាងហារ៉ា​​នៅ​លើ​ទូក​​ជ័រ​ ២​គ្រឿង​​ នៅ​ភាគ​ខាង​កើត​​​ទីក្រុង​ទ្រីប៉ូលី​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

ក្រុម​អន្តោប្រវេសន៍​​ត្រូវ​បាន​​កង​កម្លាំង​នាវា​ឆ្មាំ​​ល្បាត​ឆ្នេរ​​​មួយ​គ្រឿង​​ ក្នុង​ចំណោម​​នាវា​ជា​ច្រើន​គ្រឿង​​ស្ទាក់​ចាប់​​នៅ​ជិត​​ក្រុង​​ស្លីថេន ហើយ​​ជា​នាវា​​​ដែល​ប្រទេស​អ៊ីតាលី​​បាន​ជួស​​ជុល និង​​ប្រគល់​​ទៅ​ឲ្យ​កង​ឆ្មាំ​ល្បាត​​ឆ្នេរ​លីប៊ី​​កាល​ពី​ដើម​ឆ្នាំ​នេះ។ ​លោក Ali al Shebrak មន្ត្រី​ឆ្មាំ​ល្បាត​ឆ្នេរ​បាន​និយាយ​ថា ​ក្រុម​អន្តោប្រវេសន៍​​​ទាំង​នេះ​​ត្រូវ​បាន​​សង្គ្រោះ​កាល​ពី​ថ្ងៃ​អង្គារ​ និង​បាន​​នាំ​ត្រឡប់​ទៅ​កាន់​កំពង់ផែ​ទ្រីប៉ូលី​​ ហើយ​​កំពុង​​ត្រូវ​​​​ផ្ទេរ​ទៅ​កាន់​​មណ្ឌល​​ឃុំ​ខ្លួន​​ Tajoura នៅ​ជាយ​ក្រុង​​នេះ។ ​​ក្នុង​ចំណោម​​ពួក​គេ​​មាន​កុមារ ១៥​នាក់ និង​ស្ត្រី​ ២៥​នាក់​។ អ្នក​យក​ព័ត៌មាន​​ម្នាក់​បាន​​ឃើញ​​​ទារក​ទើប​​នឹង​កើត​​ម្នាក់ ​ដែល​យំ​​​ព្រោះ​​តែ​​ស្រែក​ឃ្លាន ខណៈ​ម្ដាយ​របស់​គេ​​នៅ​មិន​ទាន់​​អាច​ដើរ​​បាន​ និង​ត្រូវ​រថយន្ត​​សង្គ្រោះ​​ជួយ​​​ព្យាបាល​៕​

អត្ថបទ៖ រិទ្ធី