ក្រុមចោរឆក់ និង លួច ជិត ៤០ នាក់ អាច​បង្ហាញខ្លួន​នៅ​អំឡុង​ពេល​បុណ្យអុំទូក​

417

ភ្នំពេញ ៖ នៅ​អំឡុងពេល នៃ ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង សំពះ​ព្រះ​ខែ​នេះ មាន​ក្រុម​ចោរលួច​, លូក​ហោប៉ៅ និង ឆក់ ប្រមាណ​ជិត ៤០ នាក់ អាច​នឹង​បង្ហាញ​វត្ត​មាននៅ​អំឡុង នៃ ពិធីបុណ្យ​បី​ថ្ងៃនេះ​។​

មាន​ក្រុម​ចោរ​លូក​ហោប៉ៅ​, ចោរឆក់ និង​លួច ប្រមាណ ៣៦ នាក់ អាច​នឹង​បង្ហាញខ្លួន ដើម្បី ធ្វើ​សកម្មភាព​លួច​, ឆក់ និង លូក​ហោប៉ៅ នៅ​អំឡុង​ពេល​បុណ្យអុំទូក​ចាប់ពី​ថ្ងៃទី ០២ ដល់ ០៤ វិច្ឆិកា​។ នេះ​បើតាម​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​ នៃ ក្រសួងមហាផ្ទៃ ចេញផ្សាយ​ឱ្យដឹង​។

មុខសញ្ញា​ទាំង​ជិត ៤០ នាក់​នេះ សុទ្ធតែ​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​សកម្មភាព​លួច​, ឆក់ និង លូក​ហោប៉ៅ នៅក្នុង​កម្មវិធី​បុណ្យជាតិ​ធំៗ​នាពេល​កន្លងមក​។​

ការដាក់​បង្ហាញ​នូវ​មុខសញ្ញា​ទាំងនេះ ក៏​ដើម្បី​ជាការ​ក្រើន​រម្លឹក​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​សម្ភារ​, លុយកាក់​, ខ្សែ​-​ក​, ខ្សែដៃ​, គ្រឿងអលង្ការ​ផ្សេងៗ ព្រមទាំង​ទូរសព្ទ​របស់ខ្លួន នៅ​អំឡុងពេល​ដើរ​កម្សាន្ត នា​ពិធីបុណ្យ​បី​ថ្ងៃនេះ​ផងដែរ​៕