នាវាចម្បាំង ប្រទេស​រុស្ស៊ី ០២ គ្រឿង​ នឹង​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ០៦ ថ្ងៃ

311

​ព្រះសីហនុ​ ៖ ​មន្ត្រី​កង​ទ័ព​ជើង​ទឹក ​កម្ពុជា​ អោយដឹងថា ​នាវាចម្បាំង​ នៃ​កងទ័ពជើងទឹក ប្រទេស​រុស្ស៊ី ចំនួន ០២ គ្រឿង​ នឹង​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ចំនួន ០៦ ថ្ងៃ ចាប់ពី​ថ្ងៃទី ​០៧ ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា ​ឆ្នាំ ២០១៧ ក្នុង​បេសកកម្ម​ប្រចាំ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក ​ដឹកនាំ​ដោយ​នាវា​ពិឃាដ ឈ្មោះ RFS ADMIRAL PANTELEYEV (548) ។

ក្នុង​ឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​លើក​នេះ តាម​ការគ្រោងទុក ​នាយ​នា​វី និង​ពល​នា​វឹក​របស់​នាវាចម្បាំង​ សហព័ន្ធរុស្ស៊ី នឹង​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​កង​ទ័ពជើងទឹក​កម្ពុជា​ ថ្នាក់ដឹកនាំ​កំពង់ផែ​ក្រុងព្រះសីហនុ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ។

​ក្នុងឱកាស​នេះដែរ ​តាម​ការគ្រោងទុក ​មេបញ្ជាការ និង​នាយ​នា​វី​កង​ទ័ព​ជើង​ទឹក រុស្ស៊ី នឹង​អញ្ជើញ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ជួប​សវន​ការ​ជាមួយ ​មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា​ ជួប​ជាមួយ ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ និង ​ជួប​សំដែង​ការគួរសម​សម្តេច​ពិជ័យ​សេនា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​ទស្សនកិច្ច​ព្រះបរមរាជវាំង និង​ទស្សនា​តំបន់​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ប្រាសាទ​អង្គ​វត្ត ។

ចំណែកឯ​នៅលើ​នាវា កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ជួបជុំ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញ ទៅមក​ ធ្វើ​លំ​ហាត់​រួមគ្នា​ក្នុង​ការ​ផ្ទេរ​ប្រេង​ទៅវិញទៅមក ពី​នាវា​ទៅ​នាវា​នៃ​ប្រទេស​ទាំងពីរ ។

កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ក៏​នឹង​ហ្វឹកហាត់​រួមគ្នា អំពី​សកម្មភាព​ប្រឆាំង​ភេរវកម្ម ចោរ​សមុទ្រ និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ ​ដែល​លំ​ហាត់​ហ្វឹកហ្វឺន​នេះ​ធ្វើ​ឡើងលើ​ផ្ទៃ​សមុទ្រ​កម្ពុជា ។​ក្រៅពីនេះ​ កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ​ក៏​នឹងចូលរួម​ប្រកួត​កីឡា​ជា​មិត្តភាព ​និង​មាន​បើក​អោយ​មហាជន ​ឡើង​ទស្សនា​ជា​សាធារណៈ​លើ​នាវាចម្បាំង​នៃ​ប្រទេស​រុស្ស៊ី​ផងដែរ ៕