មនុស្ស​ ២៦​នាក់​បាត់​បង់​ជីវិត​ និង​ជាង​ ២០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​​​នៅ​វិហារ​គ្រិស្ត​មួយ​កន្លែង​​ក្នុង​រដ្ឋ​តិច​សាស​

871

អាមេរិក៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្នុង​តំបន់ ​​ដោយ​សំអាង​​តាម​​សម្ដី​របស់​​អាជ្ញាធរ​​នៅ​ក្នុង​ស្រុក​​​ឲ្យ​ដឹង​ថា ក្មាន់កាំភ្លើង​​ម្នាក់​បាន​​ដើរ​​ចូល​ទៅ​ក្នុង​​វិហារ​គ្រិស្ត​​ ក្នុង​ទីក្រុង​​តូច​មួយ​នៅ​​ភាគ​អាគ្នេយ៍​​រដ្ឋ​តិច​សាស​​ និង​បាន​​ផ្ដើម​បាញ់​រះ​​​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់ និង​រង​របួស​យ៉ាង​ច្រើននាក់។

ចំណែក​​ក្មាន់កាំភ្លើង​​ត្រូវ​បាន​​បាញ់​សម្លាប់​​ បន្ទាប់​ពី​បាន​​គេច​ខ្លួន​​ដោយ​រថយន្ត​​តូច​មួយ​គ្រឿង​​​ ចេញ​ពី​​បរិវេណ​​វិហារ​គ្រិស្ត​មួយ​នេះ​​ក្នុង​តំបន់​​​ស៊ូ​ឌី​ឡេន​ស្ព្រីង​ស្ថិត​​​នៅ​ចម្ងាយ​​ ៦៥​គីឡូម៉ែត្រ​ភាគ​ខាង​កើត​​​​ទីក្រុង​​សង់អង់តូនីញ៉ូ​ នេះ​បើ​យោង​តាម​​​តាម​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ក្នុង​ស្រុក​​​ដោយ​សំអាង​​តាម​សម្ដី​​របស់​នគរបាល​។ លោក ចូ ថាក់​ឃីត​ ជា​តម្រួត​​នៅ​ក្នុង​​តំបន់​​បាន​​ប្រាប់​​ដល់​​អ្នក​សារព័ត៌មាន​​​ Wilson County News ថា មាន​​អ្នក​បាត់​បង់​ជីវិត​​ចំនួន​​ ២៦​នាក់ និង​​អ្នក​របួស​​ជាង ២០​នាក់​ក្នុង​នោះ​មាន​​ទាំង​​កុមារ​ផង​។

រី​ឯ​​ការិយាល័យ​​តម្រួត Wilson County តិចសាស ​​​មិន​បាន​ផ្ដល់​​ព័ត៌មាន​​លម្អិត​​​ដល់​សារព័ត៌មាន Reuters ទាក់​ទង​នឹង​ការ​បាញ់​ប្រហារ​នេះ​ទេ។ យោង​តាម​​​ក្រុម​ជំរឿន​​របស់​សហរដ្ឋ​អាមេរិក​​ឲ្យ​ដឹង​ថា មានមនុស្ស​ប្រហែល​ ៨៦០​នាក់​រស់​នៅ​ក្នុង​តំបន់​​​សូឌីឡែន​ស្ព្រីង​ក្នុង​ឆ្នាំ​​២០១០៕​​

អត្ថបទ៖ រិទ្ធី