7NG បន្ត​រៀបចំ​ជើងឯក​ប្រណាំង​សេះ​ប្រចាំខែ ខណៈ​ការ​ដណ្ដើម​ប្រាក់​រង្វាន់ ២៥,០០០​ដុល្លារ​នឹង​មក​ដល់​ខែ​ក្រោយ

55

ប្រណាំង​សេះ៖ ក្រុមហ៊ុន​ 7NG បាន​បន្ត​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងសេះ​ដណ្ដើម​ពានរង្វាន់​ SCT Sport Complex ប្រចាំខែ​វិច្ឆិកា​ធម្មតា ដើម្បី​អបអរ​ដំណើរ​ឆ្ពោះ​ទៅ​ការប្រកួត​ដ៏​អស្ចារ្យ​នា​ឆ្នាំ​២០១៧​ចុង​នេះ ដែល​ជា​ការ​ប្រណាំងសេះ​ស្តង់ដារ​អន្តរជាតិ​ ​និង​ដណ្ដើម​ប្រាក់​រង្វាន់​រហូតដល់​ទៅ ២៥,០០០​ដុល្លារ។ពានរង្វាន់​ប្រណាំងសេះ​ SCT Sport Complex ប្រចាំខែ​វិច្ឆិកាឆ្នាំ​២០១៧ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា​ម្សិលមិញនៅ​លើ​ទីលាន​តំបន់​អភិវឌ្ឍន៍​ 7NG ​ឃុំ​វិហារ​សួគ៌។ ប៉ុន្តែ​ខែ​នេះ​ក៏​មិន​ខុស​ពី​ខែ​តុលា​ដែរ ដោយ​សេះ​កម្រិត​ A ​ឬ​សេះ​ស្តង់ដារ​អន្តរជាតិ ដែល​ជា​ពូជ​សេះ​នាំចូល​ពី​សហរដ្ឋអាមេរិក ត្រូវ​បាន​អវត្តមានដោយសារ​ត្រូវ​សម្រាក ដើម្បី​ត្រៀម​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ធំ​ប្រចាំ​ឆ្នាំនៅ​ខែ​ធ្នូ​ឆ្នាំ​២០១៧​ខាងមុខ។ ដូច្នេះ​សេះ​ចូលរួម​ប្រណាំង​ប្រចាំខែ​នេះគឺ​មាន ៣​កម្រិត ក្នុង​នោះ​មាន​សេះ​កម្រិត​ C ​ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ លទ្ធផល​លេខ​១ បាន​ទៅ​សេះ​ឈ្មោះ​ Don Ti Na, ​លេខ​២ បាន​ទៅ​សេះ​ឈ្មោះ​ MANGOZA ​និង​លេខ​៣ បាន​ទៅ​សេះ​ឈ្មោះ ហេ​រ៉ូ។ រីឯ​សេះ​កម្រិត​ D-1 លេខ​១ បាន​ទៅ​សេះ​ឈ្មោះអា​ផ្កាយ ខណៈ​សេះ​កម្រិត​ D-2 ​លេខ​១ បាន​ទៅ​សេះឈ្មោះ កណ្ដុរ​ជ្រែ​កដី។ ចំណែក​សេះ​កម្រិត​ E ​លេខ​១ បាន​ទៅ​សេះ​ឈ្មោះ​ អា​ប្រ​ហូត​ជ្រែក​ធំ។

សូម​បញ្ជាក់​ថា​ ​សម្រាប់​ព្រឹត្តិការណ៍​ដំណាច់​ឆ្នាំគឺ​ការ​ប្រណាំងសេះ​ពានរង្វាន់​ SCT Derby Cup 2017 ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ 7NG តាម​គម្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ខាងមុខ ដោយមាន​ការចូលរួម​ពី​សេះ​ជើង​ខ្លាំង​មកពី ៣​ប្រទេសក្នុង​នោះ​មាន​សេះ​ម្ចាស់ផ្ទះ​កម្ពុជា ថៃ និង​វៀតណាម ដើម្បី​ប្រជែង​ប្រាក់​រង្វាន់ ២៥,០០០​ដុល្លារ​។ ជាមួយគ្នា​នោះក៏​នឹង​មាន​ការចូលរួម​ប្រកួត​ពី​សំណាក់​ពូជ​សេះ ​ក្នុងស្រុក​ជាច្រើន​ទៀត​ផង​ដែរ៕

​អត្ថបទ លី ឈុន​ឡា