ខេត្តកំពត​ និង​កែប​ ទទួល​បាន​ទេសចរ​ច្រើន​អំឡុង​ពិធីបុណ្យ​អុំទូក

45

កំពត ៖ ​រយៈពេល​បី​ថ្ងៃ ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ បណ្តែតប្រទីប ​អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវទេសចរ​ បាន សម្រុក​ទៅ​សម្រាក​កម្សាន្ត​នៅ​ ក្នុង​ខេត្តកំពត​-​កែប​ ច្រើន​កុះករ​ផង​ដែរ​។

ក្នុង​រយៈពេល​បី​ថ្ងៃ ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក និង​សំពះ​ព្រះ​ខែ ​ខេត្តកំពត និង​កែប ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជិត​១០​ម៉ឺន​នាក់​។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ទាំងពីរ ​កាលពី​ម្សិល​ម៉ិ​ញ​។

អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក ប៉ុក ទាង បាន​ឲ្យ​ដឹងថា ​ជាទូទៅ ​តំបន់​ទេសចរណ៍​ ខេត្ត​កែប ​នៅក្នុង​ថ្ងៃបុណ្យ​ជាតិ​ធំៗ ​ដូចជា ​ចូលឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ ​បុណ្យអុំទូក​ និង​ពិធីបុណ្យ​ដទៃទៀត ​គឺ​តែង​ ទទួល​បាន​ទេសចរ​ជាច្រើន​ទៅ​សម្រាក​លម្ហែ ​កម្សាន្ត ​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ ​និង​គយគន់​មើល ​ទេសភាព​យ៉ាង​ប្រណីតៗ ​នៅ​តំបន់​ទេសចរណ៍​នានា​នៃ​ខេត្ត​កែប​ ដែល​ទើបតែ​ឈ្នះ​ពានរង្វាន់​ទីក្រុង​និរន្តរ ភាព បរិស្ថាន​អាស៊ាន (​ដី​ស្អាត ខ្យល់​ស្អាត ​និង​ទឹកស្អាត​) នៅពេល​ថ្មីៗ​កន្លងទៅនេះ​។

បើតាម​ការប៉ាន់ស្មាន​រ​ប​ស់លោក ប៉ុក ទាង ក្នុងឱកាស​បុណ្យ​អុំទូក បណ្តែតប្រទីប​ អកអំបុក និង សំពះ​ព្រះ​ខែ រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​០២ ​រហូតដល់​ថ្ងៃទី​០៤ ខែវិច្ឆិកា នេះ ​លោក​សង្កេតឃើញ​ភ្ញៀវ ទេសចរ ទាំង​ជាតិ​ និង​អន្តរជាតិ ចន្លោះ​ប្រមាណ​ពី​២​ទៅ​៣​ម៉ឺន​នាក់​ក្នុង​ថ្ងៃ ​មក​សម្រាក​លម្ហែ កាយ ​នៅ​ខេត្ត កែប ដែល​ជា​ខេត្ត​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​ នៅ​ដើម​សប្តាហ៍​ទី​៤ ខែធ្នូ ខាងមុខ​។

ដោយឡែក​ខេត្តកំពត ដែល​ជា​បណ្តុំ​ទេសចរណ៍​សម្បូរ បែប ទាំង​វប្បធម៌ ​និង​សម័យ ​ទាំង​ធម្មជាតិ និង​កែច្នៃ ព្រមទាំង​តំបន់​កសិ​ទេសចរណ៍​ដ៏​អស្ចារ្យ​ជាច្រើន មានដូចជា​ដំណាំ​ម្រេច ​ដែលមាន​ឈ្មោះ​ល្បី​រន្ទឺ ជុំវិញ​ពិភពលោក​លើ​ផ្នែក​គុណភាព ដំណាំ​ធូរ៉េន​ និង​ស្រែអំបិល ជាដើម​នេះ ក៏បាន​នឹង កំពុងតែ​បោះ​ជំ​ហ៊ាន​កែច្នៃ​ខ្លួន​ឲ្យ​ក្លាយទៅជា​ខេត្ត​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​ផងដែរ ​ហើយ​កត្តា​នេះ​ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។

ប្រធាន​ការិ​យា​ល័យ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌​ នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ លោក គឹម ប៊ុនថន​ បាន​ប្រាប់​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក និង សំពះ​ព្រះ​ខែ ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវទេសចរ​ជិត​៨​ម៉ឺន​នាក់​។ ​ទេសចរ​បាន​ធ្វើ​ដំណើរ​ទៅ​សម្រាក​លម្ហែ កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​ពេញ​និយម​ធំៗ ដូចជា ភ្នំ​បូកគោ ទឹកឈូ ទឹកជ្រោះ​តា​ដា និង​តំបន់​មាត់ ព្រែក​កំពត ជាដើម ហើយ​ភាគ​ច្រើនបំផុត​ជា​ភ្ញៀវទេសចរ​ជាតិ​៕