ការ​ប្រមូល​ផល​ជ័រកៅស៊ូ​ និង​តម្លៃ​ក្នុង​ទីផ្សារ​មាន​ភាព​ប្រសើរ​ក្នុង​៩​ខែ​ដំបូង​ឆ្នាំនេះ​

62

ភ្នំពេញ៖ ​គិត​ត្រឹម​រយៈពេល​៩​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ ការ​ប្រមូល​ផល​ជ័រកៅស៊ូ​មានការ​កើន​ឡើង ស្រប​ពេល​ជាមួយ​តម្លៃ​ក្នុង​ទីផ្សារ​មាន​ភាព​ល្អប្រសើរ​ផងដែរ ដោយ​តម្លៃ​ជ័រកៅស៊ូ​មាន​កើន​ដល់​១៦៧២​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន​។​

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ដែល​បាន​ចេញ​ផ្សា​យក​កាល​ពីពេល​ថ្មីៗ​នេះ​បញ្ជាក់​ថា ផលិតផល​ជ័រកៅស៊ូ​របស់​កម្ពុជា​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នេះ​មានការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ជ័រកៅស៊ូ​ដែល​ផលិត​បាន​មាន​ចំនួន​១១​ម៉ឺន​តោន កើន​ឡើង​ជិត​៣​ម៉ឺន​តោន ស្មើនឹង​កំណើន​៣៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

ទន្ទឹម​នឹង​ការកើនឡើង​ផលិតផល​ជ័រកៅស៊ូ កម្ពុជា​ក៏បាន​នាំចេញ​ជ័រកៅស៊ូ​ក្នុង​បរិមាណ​ច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​តម្លៃ​យ៉ាង​គាប់ប្រសើរ​ផង​ដែរ ដោយ​ក្នុង​នោះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន​ជាង​១១​ម៉ឺន​តោន​ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នាំនេះ ដែល​កើន​ឡើង​ជិត​៣​ម៉ឺន​តោន ស្មើនឹង​៣៣%​ធៀប​នឹង​ពេលវេលា​៩​ខែ​ដំបូង​ឆ្នាំ​២០១៦​។

របាយការណ៍​ដដែល​បាន​បន្តថា ចំណែកឯ​តម្លៃ​មធ្យម​របស់​ជ័រកៅស៊ូ​ក្នុង ៩​ខែ​ដំបូង​ឆ្នាំ​២០១៧​នេះ ជ័រកៅស៊ូ​មានតម្លៃ​១៦៧២​ដុល្លារ​អាមេរិក​ក្នុង​១​តោន កើនឡើង​៥៧៨​ដុល្លារ ដែល​ស្មើនឹង​៥៣​ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។​ទាក់ទិន​នឹង​ផលិត​ជ័រកៅស៊ូ​នេះ​។ ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ដដែល​នេះ រដ្ឋាភិបាល​បាន​ប្រមូល​ព​ន្ឋ​ពី​វិស័យនេះ ជាង​១​ពាន់​លាន​រៀល​ផងដែរ​។​

ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុ​ជាមាន​ទំហំ​ជាង​៤​សែន​៣​ម៉ឺន​ហិច​តា ដោយ​ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន មាន​ជាង​១​សែន​៦​ម៉ឺន​ហិច​តា និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​ជាង ២​សែន ៦​ម៉ឺន​ហិច​តា​៕