លោក ត្រាំ និយាយ​ថា ​ជប៉ុន​អាច​​បាញ់​ទម្លាក់​​​មីស៊ីល​​កូរ៉េ​ខាង​ជើង​​នៅ​ពេល​ណា​ក៏​បាន​ជាមួយ​នឹង​ឧបករណ៍​​យោធា​របស់​​​អាមេរិក

100

ជប៉ុន៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​លោក ដូណាល់ ត្រាំ​ បាន​និយាយ​ថា ​ជប៉ុន​អាច​បាញ់​ទម្លាក់​​មីស៊ីល​​​កូរ៉េខាងជើង​​​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​​បាន ​ជាមួយ​​នឹង​ឧបករណ៍​​យោធា​ដែល​នាំ​មក​ពី​​សហរដ្ឋ​អាមេរិក។

លោក​នាយករដ្ឋមន្ត្រី​​ជប៉ុន​ ស៊ិន ហ្សូអាបេ និយាយ​ថា ​ប្រទេស​របស់​លោក​​អាច​បាញ់​​ទប់​ស្កាត់​​មីស៊ីល​​ប្រភេទ​ណា​​ក៏​បាន​ ប្រសិន​បើ​​មាន​ការ​ចាំបាច់​​។ ​មេដឹកនាំ​​ទាំង​២ ​បាន​និយាយ​​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ នៅ​ឯ​ការ​​បញ្ចប់​នៃ​ដំណើរ​​ទស្សនកិច្ច​​ផ្លូវ​ការ​លើក​ដំបូង​​របស់​លោក​ ត្រាំ​ ទៅ​កាន់​ប្រទេស​ជប៉ុន។ ប្រទេស​កូរ៉េ​ខាង​ជើង​​បាន​បាញ់​មីស៊ីល​​បាលីស្ទិក​​ រយៈ​ចម្ងាយ​​ឆ្ងាយ​​រំលង​ប្រទេស​ជប៉ុន​​ចំនួន ២​ដង​​កាល​ពី​​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ។ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​​កាល​ពី​ពេល​មុខ​នេះ​ លោក​ក៏​បាន​​អញ្ជើញ​​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​​អាមេរិក​​នៅ​ជិត​​ក្រុង​តូក្យូ​ និង​បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​​ពាណិជ្ជករ​អាមេរិក​ ហើយ​លោក​ក៏​បាន​រិះ​គន់​​ជប៉ុន​​ជា​សាធារណៈ​​ផង​ដែរ​​ ទៅ​លើ​​បញ្ហា​​ឱនភាព​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។ លោក ត្រាំ គ្រោង​នឹង​​អញ្ជើញ​​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​, ចិន, វៀតណាម និង​ប្រទេស​ហ្វីលីពីន​នៅ​សប្ដាហ៍​​ខាង​មុខ​​៕

 

អត្ថបទ៖ មករា