លោក Inoue Kazunori ជឿ​ថា ក្រុម U19 កម្ពុជា​អាច​ធានា​កៅអី​មួយ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី

711
លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា

បាល់ទាត់៖ លោក Inoue Kazunori នៅតែ​បង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ថា ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ​១៩​ឆ្នាំនឹង​ទទួល​បាន​កៅអី​មួយ​ទៅលេង​ពាន AFC U19 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ដើម​ឆ្នាំក្រោយ​។

 

​ថ្លែងប្រាប់​តាម​រយៈ​សារ​ក្នុង​បណ្ដាញ​សង្គម​គ្រូ​សញ្ជាតិ​ជប៉ុន​ឲ្យ​ដឹង​ថា លោក​នៅតែ​រំពឹង​ខ្ពស់​ត្បិត​ក្រុម​ផ្សេងៗ​នៅ​មាន​កម្រិត​ប្រកួតប្រជែង​ខ្ពស់ ហើយ​គ្រាប់​បាល់​មិន​ជំពាក់​របស់​កម្ពុជា​ជា​ទុន​មួយ​យ៉ាង​ល្អ ក្នុង​ការ​ប្រជែង​តំណែង​លេខ​២​ ល្អ​ជាងគេ​។​ ​កម្ពុជា​ឆ្លងកាត់​វគ្គ​ជម្រុះ​ទាំង ​២​ប្រកួត​ក្នុង​ពូ​ល G កំពុង​កាន់ ​៣​ពិន្ទុ និង​មាន​គ្រាប់​បាល់​ចំណេញ​សូន្យ​គ្រាប់ពី​ការប្រកួត​ចាញ់​ចិន ១-០ និង​ឈ្នះមី​យ៉ាន់​ម៉ា ៣ – ២​។ ក្នុង​តារាង​ ៥​ក្រុម​លេខ ​២​ល្អ​ជាងគេក្រុម​គោព្រៃ​នៅ​ចំណាត់ថ្នាក់​ទី​៥ ប៉ុន្តែ​ក្រុម​ផ្សេងៗ​នៅសល់​មួយ​ប្រកួត​ទៀត​នៅ​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ស្អែក​នេះ​។ លក្ខខណ្ឌ​ដែល​បង្អាក់​ដំណើរ​កម្ពុជា​មាន ពូ​ល A បា​រ៉ែ​នឈ្នះ​ក្រុម​កំពូល​តារាងអារ៉ាប់​រួមលើស​ពី ​៣​គ្រាប់, ពូ​ល B តា​គី​ស្ថានឈ្នះ​ក្រុម​កំពូល​តារាង​អូ​បេ​គី​ស្ថាន, ពូ​ល C កាតា​ចាញ់​ក្រុម​កំពូល​តារាង​អ៊ីរ៉ង់​តិច​ជាង ​២​គ្រាប់, ពូ​ល D យេមែន​ឈ្នះ​ក្រុម​កំពូល​តារាង​អារ៉ាប់​ប៊ី​សូ​អូឌីត, ពូ​ល E ស៊ី​រី​ឈ្នះ​ក្រុម​កំពូល​តារាង​ហ្សកដានី, ពូ​ល F ម៉ាឡេស៊ី​ចាញ់​ក្រុម​កំពូល​តារាង​កូរ៉េខាងត្បូងតិច​ជាង​៣​គ្រាប់, ពូ​ល H ឆៃ​នី​ស​តៃប៉ិ​ឈ្នះ​ម៉ា​កាវ​ច្រើនជាង ​១​គ្រាប់, ពូ​ល I ថៃ​ចាញ់​ជប៉ុន​តិច​ជាង​ ២​គ្រាប់ និង​ពូ​ល J អូស្ត្រាលី​ចាញ់​កូរ៉េខាងជើង​តិច​ជាង​ ៣​គ្រាប់​។

​ការប្រកួត​ចុងក្រោយ​ទាំង​ ៩​ពូ​ល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃស្អែក តាម​ពេលវេលា​ក្នុង​ប្រទេស​ម្ចាស់ផ្ទះ​នីមួយៗ​។ ក្រោយ​បញ្ចប់​ការប្រកួត​ក្រុម​លេខ​១ ​តាម​ពូ​ល​នឹង​ឡើង​ដោយ​ស្វ័យប្រវត្តិ ខណៈ ​៥​ក្រុម​លេខ​២​ ល្អ​ជាងគេ​នឹង​ទទួល​បាន​កៅអី​នេះ​ដូចគ្នា​៕