អ្នក​វិនិយោគ​ចិន​មាន​គម្រោង​អភិវឌ្ឍន៍​លើ​អចលនទ្រព្យ​ នៅ​ខេត្ដ​សៀមរាប

97

ភ្នំពេញ ៖ ​ក្រុម​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ជាង​១០​នាក់ ​ស្មើ​និង​ជាង​១០​ក្រុមហ៊ុន​ កំពុង​ពិភាក្សាគ្នា​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្នែក​អចលនទ្រព្យ​នៅ​តំបន់​ទេសចរ​ ខេត្ដ​សៀមរាប​ដើម្បី​បង្កើន​សក្ដានុពល​ទេសចរ ​បន្ថែមទៀត​។

លោក Fu sheng jian នាយក​ក្រុមហ៊ុន Zhongyao jituan youxiangongsi ​បានលើកឡើង​តាមរយៈ​អ្នក​បកប្រែ​កាលពី​ថ្ងៃទី​៣ ខែ វិច្ឆិកា ​នៅ​ព្រលាន​យន្ដហោះ​ខេត្ដ​សៀមរាប​ថា ដោយ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរ ​បាន​កើន​ឡើង​ជា​លំដាប់​នៅ​ខេត្ដ​សៀមរាប​ ក្លឹប​ពាណិជ្ជករ​កម្ពុជា​-​ចិន​បាន​ពិភាក្សាគ្នា​រវាង​ដៃគូរ​អភិវឌ្ឍន៍​ជ្រើស​រើស​យក​តំបន់​ទេសចរ​ធ្វើការ​អភិវឌ្ឍ​ផ្នែក​អចលនៈ​បន្ថែមទៀត ​បន្ទាប់ពី​ទីក្រុង​ភ្នំពេញ​។

លោក​ បាន​បន្ដទៀតថា​ គម្រោង​អភិវឌ្ឍន៍​លើ​វិស័យនេះ​ គឺ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា ក្រោយពេល​បាន​ចុះ MOU​ ជាមួយគ្នា​កន្លងមក​ ហើយ​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ខាង​លើនេះ ​មាន​ចំនួន​បី​លើក​មក​ហើយ​។

ចំណែក​ប្រធាន​ក្លឹប ពាណិជ្ជករ​កម្ពុជា លោក ភារ​ម្យ វិចិត្រ​តារា បាន​ថ្លែងថា ​គម្រោង​នេះ ​ត្រូវបាន​រៀបចំ​ ដោយ​ក្លឹប​ពាណិជ្ជករ​កម្ពុជា ​និង​វិនិយោគិន​ចិន ​ហើយ​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​លើ​ផ្នែក​ទេសចរ​ ជួយ​ផ្សារភ្ជាប់​ទីផ្សារ របស់​សហគ្រិន​ និង​ម្ចាស់​ អាជីវកម្ម​នៅ​កម្ពុជា​។

លោក​ បាន​បន្ថែមទៀតថា​ តាមរយៈ​ការប្រមូលផ្តុំ​ម្ចាស់ អាជីវកម្ម ជាពិសេស​ជួយ​រក​ទីផ្សារ ឲ្យ​ផលិត​ផល​ខ្មែរ ដែល​គ្មាន​ទីផ្សារ ​ហើយ​ការចាប់​ដៃគូរ​នេះ​ នឹង​វិនិយោគិន​ចិន​មើល​ឃើញ​ឱកាស​វិនិយោគ​ជាច្រើន​ផងដែរ​។ កន្លងទៅ​ថ្មីៗ​នេះ​ក្លឹប​ពាណិជ្ជករ​កម្ពុជា​បាន​ចុះ​អនុស្សារណៈ​ ​ជាមួយ​ពាណិជ្ជករ​ចិន​នៅ​ខេត្ត​គ៊​ង់​ទុង​ ទីក្រុង​គង់​ចូ​វ ប្រ​ទេស​ចិន ​ដែល​មាន​កិច្ចព្រមព្រៀង​ត​ភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា​និង​ពាណិជ្ជករ​នៅ​ប្រទេស​ចិន​។

ប្រធាន​ក្លឹប​ពាណិជ្ជករ ខាងលើ​មាន​សុទិដ្ឋិនិយម ​ថា ​តាមរយៈ​ការបណ្តុះបណ្តាល ​ជំនាញ​អភិវឌ្ឍន៍​អាជីវកម្ម​នោះ​គឺ ក្លឹប​ពាណិជ្ជករ​មាន​ផែនការ​ទៅ​ជួប​បងប្អូន​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងទៀត​និង​បង្កើត​ជា​សាខា​ក្លឹប​ពាណិជ្ជករ ​ដើម្បី​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​ និង​ប្រទេស​កម្ពុជា​ព្រមទាំង ​បង្កើត​ការងារ ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕