GMAC​ មាន​សុទិដ្ឋិនិយម ​ពី​សំណើរ​នាំចូល​ស្បែកជើង​ចូល​អាមេរិក

48

ភ្នំពេញ ៖ ​​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​(GMAC)​ បាន​សម្តែង​សុទិដ្ឋិនិយម​ពី​សំណើរ​សុំ​អនុគ្រោះពន្ធ​ នាំចូល​ស្បែកជើង​ទៅកាន់​សហរដ្ឋអាមេរិក ​ប្រាប់​ដល់​សមាជិក​រប​ស់​ខ្លួន​ពី​ដំណើរ​ ​វិវត្តន៍​ នៃ​ដំណើរការ​នេះ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ GMAC ​ប្រាប់​ដល់​សមាជិក​រប​ស់​ខ្លួន ​ដែល BTV ទទួល​បាន​នា​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា​នេះ​ បាន​ឲ្យ​ដឹងថា​ ជាការ​តាមដាន​ការខិតខំ​ប្រឹងប្រែង របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ក្នុង​ការដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អាមេរិក សម្រាប់​ការ​ស្នើសុំ​អនុគ្រោះ​ពន្ធ ​(GSP) សម្រាប់​ ផលិតផល​ស្បែកជើង​កម្ពុជា ​សមាគម​មាន​ក្តី​រីករាយ​ ក្នុង​ការ​ជម្រាប​រោងចក្រ​ស្បែកជើង​ទាំងអស់​នៅ​កម្ពុជា​ ឲ្យ​បាន​ជ្រាបថា​ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុគ្រោះ​ពន្ធ​ សម្រាប់​ផលិតផល​ស្បែកជើង​របស់​សហរដ្ឋ​អាមេរិក​ នាពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ដាក់​ទៅកាន់​ព្រឹទ្ធ​សភា​អាមេរិក​។​

​ ​“​យើង​មាន​ក្តី​រីករាយ​ដែលមាន​អ្នកគាំទ្រ​ដ៏​រឹងមាំ ​ដែល​គាំទ្រ​ច្បាប់​នេះ​ទាំង​ក្នុង​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​អាមេរិក​នាពេល​ឥឡូវនេះ​”​។

សេចក្តីជូន​ដំណឹង​រប​ស់​ GMAC ​បាន​បន្ថែមថា​ សមាជិកសភា​៣៨​នាក់ ដឹកនាំ​ដោយ​លោក ​Ralph Norman​ និង​លោក ​Jim Himes​ ក៏បាន​ផ្ញើ​លិខិត​មួយ​ផងដែរ​ទៅ​គណៈកម្មការ ​House Ways and Means ដើម្បី​ស្នើសុំ​ការ​អនុម័ត​ច្បាប់​ស្តីពី​ការអនុគ្រោះ​ពន្ធ​ ដែល​បន្ត​កម្មវិធី​នេះ ពីមុន​ដំណាច់ឆ្នាំ​នៅពេល​ដែល​វា​អស់​សុពលភាព​។ ​សភា​អាមេរិក​កំពុង​ផ្តោត​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី​ ពន្ធដារ​នាពេល​ឥឡូវនេះ ប៉ុន្តែ​នៅ​មាន​ឱកាស​យ៉ាងហោចណាស់​៥០​ភាគរយ​ ដែល​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​ស្បែកជើង នឹងត្រូវ​អនុម័ត​មុន​ដំណាច់​ឆ្នាំនេះ​៥០​ភាគរយ​។ ​ប្រសិនជា​ច្បាប់​នេះ​មិនត្រូវ​បាន​អនុម័ត​កិច្ចខិតខំ​ប្រឹងប្រែង​នឹង​បន្ត​នៅ​ឆ្នាំ​២០១៨​។​ កម្ពុជា​បាន​នាំចេញ​ផលិតផល​ស្បែកជើង ​ទៅកាន់​អាមេរិក​ក្នុង​តម្លៃ​ទឹកប្រាក់​២៤៥​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦​។

សេចក្តី​ជូនដំណឹង​ដដែល​ បាន​ឲ្យ​ដឹងផង​ដែរ​ថា ​ការ​អនុគ្រោះ​ពន្ធបច្ចុប្បន្ន ដែល​អនុញ្ញាត​ឲ្យ​ផលិតផល​មួយ​ចំនួន ​ដែល​មិន​មាន​លក្ខណៈ​វេទយិត​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​១២០ ចូ​លទៅ​សហរដ្ឋអាមេរិក​ដោយ​រួច​ពន្ធ​ នឹងត្រូវ​ឆ្លង​ផុត​សុពលភាព​នៅ​ថ្ងៃទី​៣១​ ធ្នូ ឆ្នាំនេះ​។​ ច្បាប់​ស្តីពី​ការ​អនុគ្រោះ​ពន្ធ​ សម្រាប់​ផលិតផល​ស្បែកជើង​ឆ្នាំ​២០១៧ នឹង​អនុញ្ញាត ​ឲ្យ​ផលិតផល​ស្បែកជើង​ពាក់​ក្រៅ​ផ្ទះ​ ព្រមទាំង​ផលិតផល​ស្បែកជើង​ដទៃៗ ​ទៀត​ ដែល​ផលិត​នៅ​ក្រៅ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​ក្នុង​កម្មវិធី​នេះ​៕