អគារ Gold Tower 42​ជាន់​ នឹង​សាងសង់​ឡើងវិញ ​នៅ​ដើមឆ្នាំ​២០១៨

194

ភ្នំពេញ ៖ ​មាន​ដំណឹង​ល្អ​ម្តង​ទៀតហើយ​ សម្រាប់​អគារ​ Gold Tower៤២​ជាន់ ដែល​ម្ចាស់​គំរោង​នេះ​បាន​ សន្យា នឹង​សាងសង់​ឡើងវិញ​ នៅ​ដើមឆ្នាំ​២០១៨​ ខាងមុខនេះ ​ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ​។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​លោក​ សេង ឡូត ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី​៧​ វិច្ឆិកា​នេះ​ថា​ ក្រុមហ៊ុន​នេះ​បាន​ផ្ញើ​លិខិត​មកកាន់​ក្រសួង ​កាលពី​ខែសីហា​ និង​សុំ​រយៈពេល​៦ ​ខែ​បន្ទាប់ ​នឹង​ធ្វើ​ការសាងសង់​អគារ​នេះ​ឡើងវិញ ហើយ​បើ​គិត​ពី​ខែសីហា ​មក​រយៈពេល​ ៦​ខែ​ខាងមុខ ​អគារ​នេះ​ អាច​នឹង​សាងសង់​ឡើងវិញ​នៅ​ដើម​ឆ្នាំក្រោយ​។​លោក ​បន្តថា ទោះជា​ យ៉ាងណា​លោក​មិន​ប្រាកដថា ​ការសាងសង់​អគារ​នេះ ​នឹងធ្វើ​ឡើង​តាម​ការសន្យា ​ឬ អត់​នោះទេ​។

លោក​ បន្តថា “​សូម​កុំអាល​សរសេរ ព្រោះ​វា​មិន​ប្រាកដ​នោះទេ ​ដោយសារ​ម្ចាស់​អគារ​នេះ ​បាន​សន្យា​ជាច្រើន​ដង​ហើយ ​ប៉ុន្តែ​មិនដែល​បាន​ធ្វើ​នោះទេ​”​។

ក្រុមហ៊ុន ​YUNWOO​ បានប្រកាស​សាងសង់​គំរោង​នេះ ​ឡើងវិញ ម្តង​ហើយ​ម្តងទៀត​ ប៉ុន្តែ​ការសន្យា​មិនបាន​ ធ្វើឡើង​ជាក់ស្តែង​នោះទេ ​ព្រោះ​គម្រោង​នេះ​បាន​ពន្យា​ពេល​សាងសង់​ម្តង ​ហើយ​ម្តងទៀត​រហូតមកទល់​ពេលនេះ​។​ អគារ​ Gold Tower42 ​គ្រោង​សាងសង់ ដោយ​ចំណាយ​ប្រាក់​២៤០​លាន​ដុល្លារ​អាមេរិក និង​សាងសង់​ដោយ​ក្រុមហ៊ុន ​Hanil Construction ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​។

អគារ​នេះ​ បាន​ផ្អាក​ការសាងសង់​នៅ​អំឡុង ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ​២០០៨ និង​បាន​សាងសង់​ឡើងវិញ​នៅ​កំឡុង​ឆ្នាំ​២០១០ ​ដែល​ធ្វើ​ឲ្យ​អាគារ​នេះ​សាងសង់​សម្រេច​បាន​៣២​ជាន់ ហើយ​បាន​ផ្អាក​ការសាងសង់​ឡើង​វិញ​ រ​ហូត​មកទល់ពេលនេះ​៕