លោក ត្រាំ​ ជួបពិភាក្សា​ជាមួយ​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ក្នុង​ទីក្រុង​សេអ៊ូល​​ផ្ដោត​​លើ​​​ពាណិជ្ជកម្ម​ និង​បញ្ហា​​កូរ៉េ​ខាង​ជើង

60

កូរ៉េ​ខាង​ត្បូង៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ ​បាន​ជួប​ជាមួយ​​​សម​ភាគី​​កូរ៉េ​ខាង​ត្បូង​​លោក Moon Jae In ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​​ក្នុង​ទីក្រុង​សេអ៊ូល​​ អំឡុង​ពេល​​​ដំណើរ​ទស្សនកិច្ច​​​របស់​លោក​​រយៈ​ពេល​ ១២​ថ្ងៃ​​ទៅ​​កាន់​តំបន់​អាស៊ី ដែល​នឹង​​ត្រូវ​សង្កត់​ធ្ងន់​​ទៅ​លើ​​ភាព​​​ជាប់​គាំង​អាវុធ​​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង​​តែ​ម្ដង។

លោក ត្រាំ ​បាន​និយាយ​​នៅ​ឯ​​កិច្ច​ប្រជុំ​ថា​ កិច្ច​​ប្រឹង​ប្រែង​​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​​អភិវឌ្ឍន៍​​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ វា​នឹង​​ក្លាយ​ជា​​​ប្រធាន​បទ​​សំខាន់​នៃ​កិច្ច​ពិភាក្សា​ជាមួយ​នឹង​​ក្រុម​មន្ត្រី​​​កូរ៉េ​ខាង​ត្បូង ហើយ​លោក​​​បន្ថែម​​​ទៀត​ថា កិច្ច​ពិភាក្សា​​គ្នា​នេះ​​ក៏​បាន​​លើក​ឡើង​​​ពី​បញ្ហា​​ពាណិជ្ជកម្ម​​ ដែល​ក្នុង​នោះ​មាន​ការ​ទទួល​​បាន​​របស់​​​ប្រទេស​កូរ៉េ​ខាង​ត្បូង ​នូវ​​ឧបករណ៍​​ការពារ​​ជាតិ​​របស់​អាមេរិក​​ផង​ដែរ។ លោក មូន ​​សង្ឃឹម​ថា ដំណើរ​​ទស្សនកិច្ច​​របស់​លោក​ ត្រាំ ​នេះ​នឹង​ក្លាយ​ជា​​ចំណុច​នៃ​កិច្ច​​ប្រឹង​ប្រែង​​មួយ​​ ដើម្បី​​បន្ថយ​ភាព​​តាន​តឹង​​ទៅ​លើ​​កម្ម​វិធី​​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង៕​​​​

អត្ថបទ៖ មករា