កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី ​លំដាប់​ទី​៨​ លើ​ពិភពលោក​ និង​លំដាប់​ទី​៤​ នៅក្នុង​តំបន់

61

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​គូស​បញ្ជាក់ថា​ និន្នាការ​និង​ការរំពឹងទុក​បាន​បង្ហាញ​ថា តម្រូវការ​ដំឡូង​មី​ សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​នឹង​មាន​កំណើន​កាន់តែ​ខ្ពស់ ខណៈ​កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨ លើ​ពិភពលោក និង​លំដាប់​ទី​៤​ នៅក្នុង​តំបន់​ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី សម្រាប់​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​ដំឡូង​មី​។

ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​វេទិកា​ ថ្នាក់ជាតិ​លើក​ទី​៤ ស្តីពី​ជំរុញ​ការ​លើកកម្ពស់ ​និង​អភិវឌ្ឍន៍​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា​អមដោយ​ទិវា​ដំឡូង​មី​ លើក​ទី​២ និង​ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ​-​ផ្លែឈើ​ខ្មែរ​នៅ​ដើម​សប្ដាហ៍​នេះ​ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​ប៉ៃលិន​ បាន​ថ្លែងថា ​ការផលិត​ផលិតផល​កសិកម្ម ទាមទារ​ឲ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ​និង​ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ធានា​បាន​និរន្តរភាព ​និង​សុវត្ថិភាព​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស ​និង​ការនាំចេញ​ទី​កាន់​ទីផ្សារ​អន្តរជាតិ​។

ជាមួយគ្នានេះ ​ឯកឧត្តម​ បាន​លើក​យក​កំណើន​ដាំ​ដុះ និង​សក្តានុពល​ដំឡូង​មី​ ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ​ព្រមទាំង​កត្តា​ប្រឈម​ជាមួយ​មួយ​ចំនួន​ ដែល​ទាមទារ​ឲ្យ​មាន​គោល​នយោបាយ​ជាក់លាក់​ និង​ស៊ីជម្រៅ​ស្របតាម​មូលដ្ឋាន ​នៃ​ការ​អភិវឌ្ឍ​បៃតង​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដូចជា​គ្រឹះស្ថាន​អប់រំ​សិក្សា​កសិកម្ម​អង្គការក្រៅរដ្ឋាភិបាល ​និង​វិស័យ​ឯកជន​។

យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​ឲ្យ​ដឹងថា​ ទីផ្សារ​នាំចេញ​ផលិតផល​ដំឡូង​មី​ត្រូវ​បាន​ពង្រីក​ពី​០៤​ប្រទេស (​ថៃ​, វៀតណាម​, ចិន​, បារាំង​) ក្នុង​ឆ្នាំ​២០១៤ ទៅ​១៦​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ រួមមាន ​៖ កាណាដា​, ចិន​, អង់គ្លេស​, ហ្វាំ​ង​ឡង់​, ឥណ្ឌា​, អ៊ីតាលី​, កូរ៉េ​, លី​ទុយ​អា​នី​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហូ​ឡង់​, ញូ​វ​ហ្សឺ​លែ​ន​, កោះ​តៃវ៉ាន់​, ថៃ​, អាមេរិក និង​វៀតណាម​។ ក្នុង​រយៈពេល​០៩​ខែ ដើមឆ្នាំ​២០១៧ ការនាំចេញ​ដំឡូង​មី​សម្រេច​បាន​ជាង​១,៨​លាន​តោន​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឯកឧត្តម​ ប៉ាន សូរ​ស័ក្តិ​ បាន​មានប្រសាសន៍ថា ទាក់ទង​នឹង​កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​ លើ​ពិភពលោក និង​លំដាប់​ទី​៤​នៅក្នុង​តំបន់​ ប៉ុន្តែ​ដើម្បី​ចាប់យក​នូវ​កាលានុវត្តភាព​នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើការ វិនិយោគ​បន្ថែម និង​ការ​ឯកភាព​ជា​ធ្លុង​មួយ​រវាង​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា ​ដូចជា ​៖ ភាព​ទន់ខ្សោយ ​ខ្សែចង្វាក់​តម្លៃ កង្វះ​ព័ត៌មាន​ទីផ្សារ ការ​ផ្គត់ផ្គង់​មិន​ទៀត​ទាត់​និង គុណភាព​ប្រែប្រួល​នៃ​ដំឡូង​មី ដែល​ជា​កត្តា​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា​៕