លទ្ធផល​អង្ករ​ល្អ​បំផុត​ថ្នាក់​ពិភពលោក​ឆ្នាំ​២០១៧ នឹង​ប្រកាស​នៅថ្ងៃនេះ​

53

ភ្នំពេញ ៖​ លទ្ធផល​អង្ករ​ល្អ​បំផុត​ថ្នាក់​ពិភពលោក​ឆ្នាំ​២០១៧ នឹង​ត្រូវ​ប្រកាស​នៅថ្ងៃនេះ​ នៅ​ទីក្រុង​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​។ ​នេះ​បើ​យោងតាម​មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ នៅ​ថ្ងៃទី ៨​ខែ វិច្ឆិកា ​នេះ​។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៨​ ខែវិច្ឆិកា​ នេះ​ថា ​អង្ករ​ប្រណិត​កម្ពុជា​ចំនួន​បី​សំណាក ​ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញពី​សំណាក​ចំនួន​២៣​ នៃ​ការប្រកួត​ថ្នាក់ជាតិ ​កាលពី​ថ្ងៃទី​១ ខែ វិច្ឆិកា​ កន្លងទៅនេះ​ ត្រៀម​ប្រកួត​គុណភាព​អង្ករ​ល្អ​បំផុត ​នៅ​សន្និសីទ​ស្រូវ​អង្ករ​លើក​ទី​៩ នៅ​ទីក្រុង​ម៉ា​កាវ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​លើក​ឡើងថា ​ថ្នាក់ដឹកនាំ មន្ត្រី​លេខាធិការដ្ឋាន និង សមាជិក ​សហព័ន្ធ​ស្រូវ​អង្ករ បាន​នាំ​យក​សំណាក​អង្ករ​ចំនួន​បី ​ដែល​ជ្រើសរើស​ចេញពី​សំណាក​ចំនួន​២៣ ​ដោយ​គណៈកម្មការ​ ដែល​មាន​សមាសភាព​មកពី​សហព័ន្ធ​ចុងភៅ​កម្ពុជា ​សហព័ន្ធ​ចុងភៅ​កម្ពុជា ​និង​ វិទ្យាស្ថាន​ស្រាវជ្រាវ ​និង អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI)​

ការប្រកួត​អង្ករ​ល្អ​បំផុត​អន្តរជាតិ រៀបចំឡើង​ដោយ ក្រុមហ៊ុន The Rice Traders ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​ សំណាក​អង្ករ​សម្រាប់​ចូលរួម​ប្រកួតប្រជែង ត្រូវ​បាន​បញ្ជូន​មកពី​ប្រទេស​ផលិត​ស្រូវ​និង​អង្ករ​សំខាន់ៗ ​ដែល​មាន​សក្តានុពល​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។

លទ្ធផល​នៃ​ការប្រកួត​អង្ករ​ល្អ​បំផុត​អន្តរជាតិ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការរៀបចំ​សន្និសីទ គឺ​នៅ​ថ្ងៃទី​៨​ខែ វិច្ឆិកា ​ឆ្នាំ​២០១៧​នេះ ហើយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំពឹងថា​ អង្ករ​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​លេច​ធ្លោ​ជាងគេ​នៅក្នុង​ទីក្រុង​ម៉ា​កាវ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕