ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់​នៅ​កម្ពុជា​ នៅមានកម្រិត

52

ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​គ្រប់គ្រង និង​ត្រួតពិនិត្យ​ទំនិញ​គ្រោះថ្នាក់ បាន​ថ្លែង​លើកឡើងថា ​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​នៅ​មាន​កម្រិត នឹង​មិនទាន់​ធានា​បាន​នូវ​កិច្ចការពារ​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់​នៅឡើយ ។

ឯកឧត្តម​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ ​សម្របសម្រួល​អន្តរក្រសួង​គ្រប់គ្រង ​និង​ត្រួតពិនិត្យ​ទំនិញ​គ្រោះថ្នាក់ ​បាន​ថ្លែង​លើកឡើង​ នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់ នៅ​ទីស្តីការក្រសួង​កាលពីដើម​សប្តាហ៍​នេះ​ថា​ ការ​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ មិន​មាន​បំណង​ទាញ​យក​ដែន​សមត្ថកិច្ច​ក្រសួង​-​ស្ថាប័ន​ដ៏​ទៃ​មក​គ្រប់គ្រង​ទេ ​ប៉ុន្តែ​សេចក្តីព្រាងច្បាប់​នះ​ បាន​ដើរតួ​ជា​អ្នក​សម្របសម្រួល ​មាន​ក្បាលម៉ាស៊ីន​គ្រប់គ្រង​ច្បាស់លាស់ ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើង​ហើយ គ្មាន​ស្ថាប័ន​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ ឬ​រុញ​ការទទួលខុសត្រូវ​ដាក់​គ្នា ។

ឯកឧត្តម​ បន្តទៀតថា ​ក្រៅពី​ដើរតួរ​ជា​អ្នក​សម្របសម្រួល ​ច្បាប់​នេះ​ នៅមាន​យន្តការ​បន្ថែម​ដ៏ទៃទៀត ដូចជា ការ​ប្រមូល​ទិន្នន័យ ការផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក និង​យន្ត​ការ​សហការ​គ្រប់គ្រង ទប់ស្កាត់ និង​ប្រើប្រាស់​នីតិវិធី​បច្ចេកទេស​នានា ​ដើម្បី​ដោះស្រាយ​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ ​ទាំងអស់ នេះ ​គឺជា​ការគិតគូរ​ខ្ពស់បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ចុះហត្ថលេខា​រួចហើយ លើ​សេចក្តី​សម្រេច​បង្កើត​គណៈ​កម្មាធិការសម្របសម្រួល​អន្តរក្រសួង គ្រប់គ្រង និង​ត្រួតពិនិត្យ​ទំនិញ​គ្រោះថ្នាក់ កាលពី​ថ្ងៃទី​២២​ ខែ មិថុនា ឆ្នាំ​២០១៦ កន្លងទៅ ។

ចំណែក​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់​ក្នុង​ពេល​បច្ចុប្បន្ន ឯកឧត្តម ចម ប្រសិទ្ធ បាន​បញ្ជាក់ថា​ ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់​របស់​កម្ពុជា​ នៅមានកំរិត ពោលគឺ​មិនទាន់​ធានា​បាន​នូវ​កិច្ចការពារ​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់​នៅឡើយ ជាក់ស្តែង​នៅតាម​ប្រទេស​ក្នុង​តំបន់​មួយចំនួន ​រួមទាំង​កម្ពុជា​ផងដែរ​នោះ ធ្លាប់​បាន​ប្រឈម​និង​រងគ្រោះ ទាក់ទង​នឹង​ទំនិញ​គ្រោះថ្នាក់​នេះ​ដូចជា ករណី​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី នៅ​ទីក្រុង​ធាន​ជីន នៃ​ប្រទេស​ចិន​។ ករណី​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​រោងចក្រ​គ្រប់គ្រង​កាកសំណល់​គីមី​ក្នុង​ប្រទេស​សឹង្ហ​បុរី គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្តកំពង់ស្ពឺ​ គ្រោះថ្នាក់​រថយន្ត​ដឹក​ផាវ ផ្ទុះ​ឆេះ​ស្លាប់​មនុស្ស​ពីរ​នាក់​នៅ​ខេត្ត បន្ទាយមានជ័យ រួមទាំង​គ្រោះមហន្តរាយ​នៅ​ទីតាំង​ដ៏ទៃទៀត​លើ​ពិភពលោក ​ដែល​ពាក់ព័ន្ធ​ដល់​ការផលិត ការដឹកជញ្ជូន ​ការនាំ​ចូល ការនាំចេញ ការ​ស្តុក​ទុក ការប្រើប្រាស់​ទំនិញ​គ្រោះថ្នាក់ និង​សារធាតុ​គ្រោះថ្នាក់​ជាដើម​៕