កម្ពុជា​ជួប​មី​យ៉ាន់​ម៉ាម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ ខណៈ BTV នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​

253

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជានឹង​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មី​យ៉ាន់​ម៉ា នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិនា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​នេះ ដោយមាន​ការផ្សាយ​ផ្ទា​ល់​ពីក្រុមការងារ​ទូរទស្សន៍ BTV-News។

លោក ប្រាក់ សុវណ្ណារ៉ា

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមុន​ការប្រកួត​ពី​ម្សិលមិញ គ្រូ​បង្វឹក​ក្រុម​ទាំងពីរសុទ្ធតែ​បាន​ចាត់​ទុក​ជំនួប​កម្ដៅ​សាច់ដុំ​ល្ងាច​នេះ គឺជា​ការ​ត្រៀម​ប្រកួត​ផ្លូវការ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 ពោល​គឺ​ក្រុម​គោព្រៃ​កម្ពុជាត្រូវ​ជួប​ក្រុម​ភ្ញៀវ​ហ្សកដានី និង​ក្រុម​ជម្រើស​ជាតិ​មី​យ៉ាន់​ម៉ាត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌាក្នុង​ថ្ងៃ​ជាមួយគ្នានា​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ដើម​សប្ដាហ៍​ក្រោយ។ លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្គោល​កម្ពុជា​បាន​និយាយ​ថា លោក​មិនសូវ​ចាប់អារម្មណ៍​រឿង​លទ្ធផល​នោះ​ទេ ប៉ុន្តែ​លោក​នឹង​ជំរុញ​កូន​ក្រុម​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ជាមួយ​ហ្សកដានី ត្បិត​កីឡាករ​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ប្រកួត​មិត្តភាព​ល្ងាច​នេះ។

លោក Gerd Zeise គ្រូ​បង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា

ម្យ៉ាងវិញទៀត​លោក​បាន​ចាត់​ទុក​មី​យ៉ាន់​ម៉ាគឺជា​ក្រុម​ល្អ​មួយ​ក្នុង​តំបន់​ ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​កូន​ក្រុម​រប​ស់​ខ្លួន។​ លើកឡើង​ស្រដៀង​គ្នា​ដែរ​លោក Gerd Zeise គ្រូ​បង្វឹក​ក្រុម​ភ្ញៀវ​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា វិស័យ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​ពិតជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កោតសរសើរ ហើយ​លោ​ជឿ​ថាជំនួប​មិត្តភាព​ល្ងាច​នេះ​គឺជា​ការប្រកួត​ដ៏​ល្អ​សម្រាប់​អ្នកទស្សនា។ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ជំរុញ​កូន​ក្រុម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា សម្រាប់​ធ្វើ​ដើមទុន​ត្រៀម​ប្រកួត​ផ្លូវការ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌា​នា​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ផង​ដែរ៕
អត្ថបទ៖ លី ឈុន​ឡា