កីឡាករ​ហែល​ទឹក​វ័យក្មេង​ ២​រូប​បាន​ចេញ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ប្រទេស​ប្រ៊ុយណេ​

27

ហែលទឹក៖ ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបានសម្រេច​ចិត្ត​ ជ្រើសរើស​កីឡាករ​កីឡា​ការិនី ​២​រូបគឺកីឡាករ ឆោម ច័ន្ទ​ថន​, និង​កីឡា​ការិនី សុខ វ​លក្ខណ ឲ្យ​ទៅ​ចូលរួម​ប្រកួត​ជើងឯក​យុវជន​អាស៊ាន CH Championship រៀបចំ​នៅ​ប្រទេសប្រ៊ុយណេ ហើយ​បាន​ចេញ​ដំណើរ​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​​បើ​តាម​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹង​មុន​ចេញដំណើរ​ថា លោក​សង្កេតមើល​ពី​សមត្ថភាព​របស់​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន និង​មាន​សង្ឃឹម​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​មេដាយ​ជួន​ជាតិ​បាន​។ ហើយ​ការ​ចេញទៅ​លើក​នេះ​មាន​គោល​បំណង​មួយទៀត ​គឺ​ដើម្បី​ជួប​ប្រជុំ​ជាមួយបណ្ដា​សហព័ន្ធ​កីឡាហែលទឹក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ស្នើ​សុំ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍ប្រកួត​ជើងឯក​យុវជន CH swimming Championship 2019​។​ ​សូម​បញ្ជាក់​ថា កីឡាករ​វ័យក្មេង​ទាំង ​២​រូប​ដែល​​ទៅ​ចូលរួម​ប្រកួត​ជើងឯក​យុវជន​អាស៊ាន​ឆ្នាំ​២០១៧​នេះ និង​ចូលរួម​ប្រកួត​លើ ៤​វិញ្ញាសា​។ ប៉ុន្តែ​វិញ្ញាសា​ដែល​សហព័ន្ធ​មាន​ក្ដី​សង្ឃឹម​ថា កីឡាករ ឆោម ច័ន្ទ​ថន រំពឹង​ថា​អាច​ឈ្នះ​មេដាយ​នោះ​គឺ​វិញ្ញាសា ២០០​ម៉ែត្រ​(៤​របៀប​) និង​កីឡា​ការិនី សុខ វ​លក្ខណ សង្ឃឹមលើ​វិញ្ញាសា​ ២០០​ម៉ែត្រ​(​កង្កែប​)៕