កម្ពុជា និង​ចិន​ពង្រីក​ការហោះហើរ​ដើម្បី​កំណើន​ទេសចរ​ចិន​មកកាន់​កម្ពុជា

50

សៀមរាប ៖ ប្រទេស​កម្ពុជា រំពឹង​នឹង​ទទួល​បាន​កំណើន​ទេសចរ​ជាតិចិន​ថែមទៀត ក្នុង​រយៈពេល​ទៅមុខ ​ព្រោះ បច្ចុប្បន្ននេះ ​ទេសចរ​ជនជាតិ​ចិន ​កំពុង​តែ​មាន​ចំណាប់អារម្មណ៍​មក​ទស្សនា​ប្រទេស​កម្ពុជា​។

មន្ដ្រី​អាកាសចរណ៍​កម្ពុជា​ បាន​អោយ​ដឹង​ថា ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ​និង​អាកាសចរណ៍​ស៊ីវិល ប្រទេស​ចិន ​បាន​ពង្រីក​ផ្លូវ​ហោះហើរ​របស់ខ្លួន​ បន្ថែម​ទៀត ​ក្នុង​គោលបំណង​ឲ្យ​សម្រេច​បាន​នូវ​កំណើន​ភ្ញៀវ ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ ចំនួន​២​លាន​នាក់ ​នៅត្រឹម​ឆ្នាំ​២០២០​។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់លោក វ៉ាន់ ចន្ទី ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​នៃ​រដ្ឋ លេខាធិការ​អាកាសចរ​​ស៊ីវិល​កម្ពុជា​ នៅក្នុង​ពិធី​ចុះ​អនុស្សារណៈ​ យោគយល់​គ្នា​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​ចិន ​ស្ដីពី​ការបង្កើន​ជើង​ហោះហើរ​នៃ​ប្រទេស​ទាំងពីរ ​ដែល​បាន​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប ​កាលពី ថ្ងៃទី​០៨ ខែ វិច្ឆិកា​ ម្សិលមិញ​។

លោក វ៉ាន់ ចន្ទី ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ​នៃ​រដ្ឋលេខាធិការ​អាកាសចរ ស៊ីវិល​កម្ពុជា បាន​បញ្ជាក់ថា ​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន នឹង​បង្កើន​ជើង​ហោះហើរ​នៃ​ប្រទេស​ទាំងពីរ អោយ​កាន់​តែច្រើន​បន្ថែមទៀត ​ដើម្បី​ឆ្លើយតប​ចំពោះ​ចក្ខុវិស័យ​លើ​វិស័យ​ទេសចរ​ ដែល​រាជ​រដ្ឋាភិបាល ​កម្ពុជា បានសម្រេច​កំណត់​ផែនការ​គោលដៅ​ភ្ញៀវ​ទេសចរ​ចិន​ មក​ទស្សនា​ប្រទេស​កម្ពុជា​អោយ​បាន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។

លោក ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ចិន​ទាំងអស់​ អាច​ហោះហើរ​មកកាន់ ប្រទេស​កម្ពុជា ​តាម​ព្រលានយន្ដហោះ​ចំនួន​៣​ គឺ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ព្រលាន​យន្ដហោះ អន្ដរជាតិ​ក្រុងព្រះសីហនុ និង​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ខេត្ដ​សៀមរាប​។​

លោក វ៉ាន់ ចន្ទី ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៃ​រដ្ឋលេខាធិការ​អាកាស​ចរ​ ស៊ីវិល​កម្ពុជា បាន​ឲ្យ​ដឹងថា ​មកដល់​បច្ចុប្បន្ននេះ ​ការហោះហើរ​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន មាន ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ចំនួន​១២​ក្រុមហ៊ុន ​ដោយមាន​ការ​កើន​ឡើង​គួរ​អោយ​កត់ សម្គាល់ ដែល​លោក​ថា ​ការ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ចិន​តាម​យន្ដ​ហោះ​ចំនួន​១៥៥​ជើង​ក្នុង​មួយ​សប្ដាហ៍​។​

បើតាម​ក្រសួងទេសចរណ៍ បាន​អោយ​ដឹងថា​ កំណើន​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​ប្រទេស​កម្ពុជា មានការ​កើន​ឡើង ​ដោយ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៧​នេះ មាន​ប្រមាណ​២០​ម៉ឺន​នាក់​៕