ច្បាប់​គយ​ថ្មី​របស់​ថៃ​ នឹង​មិន​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា​ ឆ្លងកាត់​នោះទេ

206

ភ្នំពេញ ​៖ ច្បាប់​គយ​ថ្មី​របស់​ថៃ​មិន​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ឆ្លងកាត់​តាម​ផ្លូវ​គោក​ទៅកាន់​ប្រទេស​ថៃ​នោះទេ​ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​កសិកម្ម​ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ នៅ​ថ្ងៃទី​៩​ខែ វិច្ឆិកា​នេះ​។

ឯក​ឩ​ត្ត​ម​បណ្ឌិត ហ៊ាន វណ្ណ​ហន ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ថ្លែង​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ភាគី​ថៃ​ បាន​លើកឡើង​ពី​ច្បាប់​គយ​ថ្មី​ ដែល​នឹង​ចូល​ជា​ធរ​មាននៅ​ថ្ងៃទី​៣១ ​ខែ វិច្ឆិកា​ ខាងមុខនេះ ​ដែល​បាន​បញ្ញត្តិ ​ហាមឃាត់​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ ​តាមផ្លូវ​គោក​។

ឯក​ឩត្តម​បណ្ឌិត ​បន្តទៀតថា ​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​ថៃ​ពិនិត្យ​និង​ពិចារណា​ឡើងវិញ​ហើយ​ច្បាប់​នេះ​វា​ផ្ទុយ​ទៅ​និង​គោលការណ៍​ក៏ដូចជា​ក្របខ័ណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​ បើសិនជា​ភាគី​ថៃ​រឹតបន្តឹង​របាំង​ភូគាម​អនាម័យ​នាំចូល​ទំនិញ​ពី​កម្ពុជា​នោះ ​ហើយ​កម្ពុជា​នឹង​ពិចារណា​បិទ​លើ​មុខទំនិញ​ពី​ដែល​នាំចូល​ពី​ប្រទេស​ថៃ​វិញ​។

ទោះយ៉ាង​ណា​អគ្គនាយក​កសិកម្ម​បន្ថែមថា ​រឿង​ច្បាប់​និង​ស្តង់ដារ​មិនមែន​មានតែ​ប្រទេស​ថៃ​នោះទេ កម្ពុជា​ក៏មានដែរ ​ហើយ​របាំង​ភូ​គា​ម​អនាម័យ​រវាង​ប្រទេស​ទាំងពីរ​មិនមែនជា​រឿង​ធំដុំ​នោះ ​ព្រោះ​ភាគី​ទាំងពីរ​មាន​គោលការណ៍​ឯកភាព​ជាមួយគ្នា​យូរ​មក​ហើយ​ក្នុងនាម​ប្រទេសជិតខាង​។

កន្លងទៅ​ថ្មីៗ​នេះ​កសិផល​របស់​កម្ពុជា​ធ្លាប់​នាំចេញ​ទៅ​ប្រទេស​ថៃ​មាន ពោធ ដំឡូង​មី​គ្រាម និង​ស្រស់ ហើយ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កសិកម្ម​កំពុងតែ​រៀបចំ​បែបបទ​នាំចេញ​តា​ង៉ែ​ន​ ទៅកាន់​ប្រទេស​ថៃ​ផងដែរ​។

ចំណែក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម ឯក​ឩ​ត្ត​ម ស៊ា​ង ថៃ បាន​ថ្លែងថា នៅ​ក្នុង​លិខិត​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​ខាង​ភាគី​ថៃ​មាន​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ហើយ​បើសិនជា​ភាគី​ទាំងពីរ​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នោះ​នឹង​មិន​មាន​បញ្ហា​អ្វី​នោះទេ​។

អ្នកនាំពាក្យ​ខាងលើ​បន្ថែមថា ក្នុងនាម​ក្រសួងពាណិជ្ជកម្ម​សូម​គាំទ្រ​និង​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​មុន​កាលបរិច្ឆេទ​ចូល​ជាធរ​មាន​នៃ​ច្បាប់​គយ​ថ្មី​។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​កាល​ពី​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៧​ បាន​បង្ហាញថា ​ ចាប់ពី​ថ្ងៃទី​៣១​ ខែវិច្ឆិកា ​នេះ​ទៅ​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ទី​បី​ឡើយ ​ប្រសិនបើ​ពុំមាន​កិច្ចព្រមព្រៀង​ ឬ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​រវាង​ប្រទេស​ទាំងពីរ​។

អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​នឹង​បន្ត​ជំរុញ​ឲ្យ​សម​ភាគី​ថៃ​ឲ្យ​ពន្លឿន​ការសម្រេច​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ការដែល​អាចធ្វើ​ទៅ​បាន​ហើយនឹង​ជួន​ដំណឹង​ភ្លាម​ពី​វឌ្ឍនភាព​ចុងក្រោយ​នាពេល​ឆាប់ៗ​នេះ ៕