ថ្ងៃទី​២៤​ វិច្ឆិកា ​តុលាការ ​នឹង​បន្ត​សួរចម្លើយ​បន្ថែម​ទៀត​លើ​ជន​ត្រូវ​ចោទ កឹម សុខា

48

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​ការ​សួរចម្លើយ​បន្ថែមទៀត​លើ​ជន​ត្រូវ​ចោទ ​កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។ នេះ​បើ​យោង​តាម​លិខិត​របស់​ចៅក្រម​ស៊ើបសួរ​អញ្ជើញ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ត្រូវ​ចោទ កឹម ​សុខា​។

លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ​ឆ្នាំ​២០១៧​នេះ​បាន​ចេញ​លិខិត​អញ្ជើញ​លោក សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ​ កឹម សុខា ឲ្យ​ចូល​ទៅ​បន្ទប់​សាកសួរ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ឬ​ហៅថា ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​។ ចៅក្រម​ស៊ើបសួរ​បាន​តម្រូវ​ឲ្យ​លោក សំ សុ​គង់ ​មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ កឹម សុខា ចូល​ទៅ​បន្ទប់​សាកសួរ​នោះ​នា​ វេលា​ពេលព្រឹក ថ្ងៃទី​២៤ ​ខែ វិច្ឆិកា ​ខាងមុខនេះ ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​។

គួរ​បញ្ជាក់ថា កន្លងមក​ថ្មីៗ​នេះ ទាំង​សាលាឧទ្ធរណ៍ និង តុលាការ​កំពូល​បានសម្រេច​ទាត់ចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ កឹម សុខា ​ដែល​ប្តឹង​ប្រឆាំង​ នឹង​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ពេលនោះ​ស្ថាប័ន​តុលាការ​អះអាងថា ​ការសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ។

កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ​ដោយ​ចោទប្រកាន់​ពី​បទ​ល្មើស សន្និដ្ឋិភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ហៅថា​ជា​បទល្មើស ក្បត់ជាតិ ហើយ​បទល្មើស​នេះ​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​៕