គ្រូ​មី​យ៉ាន់​ម៉ា​សរសើរ​ក្រុម​គោព្រៃ​កម្ពុជា តែ​ប្រាប់​ចំណុចខ្សោយ ២​ចំណុច​ត្រូវ​កែតម្រូវ​

219
គ្រូ​បង្វឹក​ក្រុម​មី​យ៉ាន់​ម៉ាលោក Gerd Zeise

បាល់ទាត់៖ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ២-១ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​យប់មិញ គ្រូ​បង្វឹក​ក្រុម​មី​យ៉ាន់​ម៉ាលោក Gerd Zeise បាន​ចាត់​ទុក​ជ័យជម្នះ​នេះគឺជា​រឿង​សំណាង ព្រោះ​លោក​យល់ថា ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ពិតជាធ្វើ​បាន​ល្អ បើ​ទោះ​បី​មាន​ចំណុច​ខាត​មួយ​ចំនួនត្រូវ​កែតម្រូវ​ក៏ដោយ។

លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

​លោក Gerd Zeise បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​ជំនួប​មិត្តភាព​លើ​ទីលានពហុ​កីឡដ្ឋាន​ជាតិ​ថា ការ​សហការ​ជា​ក្រុម​របស់​ក្រុម​គោព្រៃ​កម្ពុជា​គឺ​ធ្វើ​បាន​ល្អ​។ តែ​អ្វី​ដែល​ខ្វះខាត​គឺ​ការ​បង្កើត​ឱកាស​ស៊ុត​បាន​ច្រើន តែ​ធ្វើ​មិនបាន​សម្រេច​។ ម្យ៉ាងវិញទៀត​តំបន់​ការពារ​របស់​កម្ពុជាមាន​ការ​ធ្វេស​ប្រហែល​ច្រើន ដូច្នេះ​លោក​បាន​ស្នើរ​ឲ្យ​កម្ពុជា​ប្រុងប្រយ័ត្ន និង​កែតម្រូវ​ចំណុច​ទាំងនេះ ដើម្បី​ត្រៀម​ការប្រកួត​ជាមួយ​ហ្សកដានីនា​ដើម​សប្ដាហ៍​ក្រោយ។​

​ដោយឡែក​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ត្រឹម​សម្ដែង​នូវ​ការ​សោកស្ដាយ បន្ទាប់ពី​កូន​ក្រុម​មានឱកាស​ស៊ុត តែ​ធ្វើ​មិនបាន​សម្រេច ពិសេស​នៅ​ចុង​ម៉ោងដែល​កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា មានឱកាស​ស៊ុត ២​លើក ហើយ​សង្ឃឹម​ចូល​ស្ទើរ​តែ ១០០% បែរជា​មិន​ដូច​បំណង​ទៅវិញ​។ លោក​ថា នេះ​គឺជា​ការប្រកួត​ដ៏​សំខាន់​មុន​ជួប​ហ្សកដានី ពោល​គឺ​លោក​ចង់​ឈ្នះតែ​អ្វីៗ​បាន​ត្រឹម​សោកស្ដាយ។​

សូម​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ជំនួប​កម្ដៅ​សាច់ដុំ​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជានឹង​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ ទទួល​ក្រុម​ជម្រើស​ជាតិ​ហ្សកដានីនៅ​ក្នុង​ជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 នា​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ហើយ​នៅ​ថ្ងៃ​ជាមួយគ្នា​នោះក្រុម​ជម្រើស​ជាតិ​មី​យ៉ាន់​ម៉ា ក៏​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌាក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី​នេះ​ផង​ដែរ៕
​អត្ថបទ៖ លី ឈុន​ឡា