តុលាការ​ឃុំខ្លួន​​អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី កម្ពុជា​គ្រុប​ ​(ACG)​ ក្នុងករណី​ឆបោក​រឿង​ដី​នៅ​បន្ទាយមានជ័យ

148

បន្ទាយមានជ័យ ៖ ​ពិរុទ្ធជន​ឈ្មោះ​ កៅ សុធា ភេទ​ប្រុស ជា​អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី ​កម្ពុជា​គ្រុប ​(ACG)​ ត្រូវបាន​សមត្ថកិច្ច​​ខេត្តបន្ទាយមានជ័យ ​អនុវត្តតាម​ដីកា​បង្គាប់​របស់​ចៅក្រម​ខេត្ត​បន្ទាយ​មាន​ជ័យ ​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ករណី​ឆបោក​គិត​ជា​លុយ​១០​ម៉ឺន​ដុល្លារ ​ក្នុង​រឿង​ដីធ្លី​នៅ​ម្តុំ​សួន​ស្ព័រ ​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

ការ​ចាប់ខ្លួន​នោះ​ ធ្វើឡើង​ កាលពី​រសៀល​ថ្ងៃទី​៨​ វិច្ឆិកា ខណៈ​ពិរុទ្ធជន​រូប​មកកាន់​ខេត្ត​បន្ទាយមានជ័យ ​ហើយ​ក្រោយ​ឃាត់ខ្លួន​បាន​នាំ​ខ្លួន​ទៅកាន់​តុលាការ​ខេត្ត​ រួច ​ចៅក្រម​ជំនុំជម្រះ​បាន​បញ្ជា​អោយ​នាំទៅ​ឃុំ​នៅ​ពន្ធនាគារ​ ខេត្ត​រយៈពេល​២​ឆ្នាំ ។​ សំណុំ​រឿងនេះ​ បាន​កាត់ក្តី​តាំងពី​ថ្ងៃទី​៧​កក្កដា ​ឆ្នាំ​២០១៧ ​និង​ប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៖ ​១៧ (​ឆ​១)​ ចុះ​ថ្ងៃទី​២០ ​កក្កដា ​ឆ្នាំ​២០១៧ ​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ។

ការ​ចាប់ខ្លួន​អនុវត្តតាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន លេខ ១៧៣​ដប​/១៧ ​របស់​លោក ​ផេង កុសល​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ចុះ​ថ្ងៃទី​២៤​ កក្កដា ​ឆ្នាំ​២០១៧ ​ដើម្បី​ឃុំខ្លួន​រយៈពេល២​ឆ្នាំ​។

តាម​ដីកា​នេះ ពិរុទ្ធជន​ឈ្មោះ​ កៅ ​សុធា ភេទ​ប្រុស​អាយុ​៤៦ ​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​លេខ​១C ផ្លូវ​លេខ​៣៥១​ ភូមិ​តា​ង៉ូ​វ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​ជា​អគ្គ​នាយក​ក្រុមហ៊ុន​អូស្ត្រាលី កម្ពុជា​គ្រុប ​(ACG) ​បាន​ទំនាក់ទំនង​ និង​រក​ស៊ី​ ហ៊ុន​គ្នា​ជាមួយ​បក្ខពួក ​ឈ្មោះ អ៊ុយ ​សុភាព​ ភេទ​ប្រុស ជនជាតិ​អូស្ត្រាលី ​ដើមកំណើត​ខ្មែរ​ ដែល​បច្ចុប្បន្ន​កំពុង​ជាប់ឃុំ​ឃាំង​ដែរ​។

ករណី​ឆបោក​ដែល​ឈាន​ដល់​ការឃុំខ្លួន​នេះ ​(​រឿង​យក​ដី​អ្នកដទៃ ​ដែល​បាន​ចូល​ហ៊ុន​រក​ស៊ី​ក្នុង​ក្រុមហ៊ុន ​ACG​ ទៅ​លក់​យក​លុយ​តែ​ម្នាក់ឯង​) ​ស្ថិត​ម្តុំ​សួន​ស្ព័​រ​ នៅ​ផ្លូវជាតិ​លេខ​៥​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ ​តាំងពី​២០១០​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៖ ​៥៤៣​ចុះ​ថ្ងៃទី​២២​ ខែតុលា ​ឆ្នាំ​២០១០​។

ឈ្មោះ កៅ សុធា បាន​យក​ដី​ដូច​ខាងលើ​លក់​អោយ​អតិថិជន​ជាច្រើន​នាក់ ​ជាពិសេស​អ្នក​នៅ​ក្រុង​សិរីសោភ័ណ ​និង​ស្រុក​មង្គល​បូរី​។ ជននេះ​ក៏ត្រូវ​បាន​ចាប់ខ្លួន​ម្តង​ហើយ​ករណី​ឆបោក​ដដែល​នេះ ប៉ុន្តែ​មិន​ត្រូវ​បាន​ចៅក្រម​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ជំនាន់​លោក ផាន់ វណ្ណរ័ត្ន ​ចេញ​ដីកា​និង​បញ្ជូន​ទៅ​ឃុំខ្លួន​ឡើយ​។

ជននេះ​ ក៏​ធ្លាប់​អួតអាង​ពី​ខ្សែ​អ្នកធំ ​ហើយ​មានគំនិត​ទុច្ចរិត​ក្នុង​ការ​រក​ស៊ី ​ចូល​ហ៊ុន​ក្នុង​អាជីវកម្ម​អចលនវត្ថុ​ ធ្វើ​សំណង់ផ្ទះ​ល្វែង ​ផ្សារ​ទំនើប​នៅ​ម្តុំ​សួន​ស្ព័​រ​៕