ចិន​ជា​ប្រទេស​មាន​ការ​បញ្ជាទិញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ​ធៀប​ទីផ្សារ​អឺរ៉ុប​និង​អាស៊ាន​

47

ភ្នំពេញ ​៖ ចិន​ជា​ប្រទេស​មាន​ការបញ្ជាទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ​ធៀប​ទីផ្សារ​អឺរ៉ុប ​និង​អាស៊ាន ហើយ​ជាក់​ស្តែង​រយៈពេល ១០​ខែ ឆ្នាំ​២០១៧​នេះ ចិន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុ​ជាជាង​១៤​ ម៉ឺន​តោន​ក្នុង​ចំណោម​នាំចេញ​សរុប​ជិត ​៥០​ម៉ឺន​តោន​។

តួលេខ​ពី​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ នៅ​ថ្ងៃទី​០៩​ ខែ វិច្ឆិកា ឆ្នាំ​២០១៧ បាន​បញ្ជាក់​ឲ្យ​ដឹងថា​ ចាប់ពី​ខែមករា ​ដល់​តុលា ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន​៤៩ ម៉ឺន ២​ពាន់​១១៥​តោន កើន​ឡើង​១៦.៧០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​ ដែល មាន​ចំនួន​ប្រមាណ ៤២​ម៉ឺន​១​ពាន់​៥២១ តោន​។

តួលេខ​ខាងលើ​ បាន​បង្ហាញថា ​ប្រទេស​ចំនួន​ជិត​៦០​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​នោះ​ ហើយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ គឺ​ប្រទេស​ចិន បាន​ទិញ​អង្ករ​ច្រើនជាងគេ ​ដែលមាន ​រហូតដល់​ជាង​១៤ ម៉ឺន​តោន ​ជាប់​ចំណាត់ថ្នាក់​ទី​១ ចំណែក​ ទី​២ គឺ​ប្រទេស​បារាំង​ ដែលមាន​ ចំនួន​ជាង​៦ ម៉ឺន​តោន និង​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប៉ូឡូញ ដែល​មាន​ចំនួន​ជិត​៤ ម៉ឺន​តោន​។​

លោក តាំង សុខ​ឃី អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​ បាន​ថ្លែងថា ​ទីផ្សារ​ដែល​ស្រូប​យក​អង្ករ​ច្រើនជាងគេ​នៅ​ឆ្នាំនេះ ​ដែលមាន​កំណើន​ជាង​ឆ្នាំ​ចាស់​ ហើយ​បញ្ហា​នេះ​ដោយសារតែ​អង្ករ​កម្ពុជា​ត្រូវ​បាន​គេទទួលស្គាល់​ជា​អង្ករ​ល្អ​នៅ​ទូទាំង​ពិភពលោក​តែម្តង​លើ​គុណភាព​តែម្តង​។

លោក​ បាន​អះអាង​ទៀតថា ​ជាក់​ថ្មីៗ​នេះ​អង្ករ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ព​២ ​នៅ​ទីក្រុង​ម៉ា​កាវ​ប្រទេស​ចិន ដែល​បង្ហាញថា ​អង្ករ​កម្ពុជា​មានគុណ​ភាព​មិន​ចាញ់​អង្ករ​នៅ​ប្រទេស​វៀតណាម​និង​បណ្តាល ​ប្រទេស​ផ្សេងទៀត​។

កាលពី​ឆ្នាំ​២០១៦​កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមាណ​ជាង​៥៤​ម៉ឺន​តោន ​ខណៈដែល ​រាជរដ្ឋាភិបាល មាន​ផែនការ​ជំរុញ​ការនាំចេញ​អង្ករ ​ឲ្យ​បាន​១​លាន​តោន ក្នុង​១​ឆ្នាំ​។

លទ្ធផល​អង្ករ​ល្អ​បំផុត​ថ្នាក់​ពិភពលោក សម្រាប់​ឆ្នាំ​២០១៧ នេះ​ កម្ពុជា​បាន ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ចំណែក​លេខ​១ គឺ​បាន​ទៅលើ​ប្រទេស​ថៃ​។ ​លទ្ធផល​អង្ករ​ល្អ​បំផុត​ ថ្នាក់​ពិភពលោក​នេះ គឺ​បាន​ប្រកាស​នៅឯ​សន្និសីទ​ស្រូវ​អង្ករ លើក​ទី​៩​នៅ​ឯ​ទីក្រុង​ម៉ា​កាវ​ នៃ ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧៕