ក្រុម​សង្កេតការណ៍​​ UN ប្រាប់​​អូស្ត្រាលី​​​ឲ្យ​ផ្លាស់​ប្ដូរ​​ច្បាប់​អន្តោប្រវេសន៍​​មួយ​ចំនួន​របស់​​ខ្លួន​

48

អូស្ត្រាលី៖ គណៈកម្មាធិការ​​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ ​​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ថា ​ប្រទេស​អូស្ត្រាលី​​ត្រូវ​បញ្ឈប់​​ការ​បដិសេធ​​ជន​ភៀស​ខ្លួន និង​ត្រូវ​ផ្លាស់​ប្ដូរ​​ច្បាប់​អន្តោប្រវេសន៍​​មួយ​ចំនួន​របស់​ខ្លួន​​ ដើម្បី​​ឲ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​​មួយ​ចំនួន។

គណៈកម្មាធិការ​​ដែល​មាន​​អ្នក​ជំនាញ​ឯករាជ្យ​​ ១៨​រូប​ និង​​​ពិនិត្យ​ទៅ​លើ​ការ​អនុវត្តន៍​​របស់​ប្រទេស​មួយ​ចំនួន​ ស្រប​នឹង​​សន្ធិសញ្ញា​សិទ្ធិមនុស្ស​​សកល​បាន​និយាយ​​ថា អូស្ត្រាលី​​គួរ​តែ​ត្រលប់​​មក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​​ ដើម្បី​និយាយ​​ពន្យល់​​ពី​សកម្មភាព​​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​​ ដើម្បី​បំពេញ​លក្ខខណ្ឌ​នានា​ដែល​​ស្ថាប័ន​​​មួយ​នេះ​​ចង់​បាន​​។ ​អូស្ត្រាលី​បាន​​រង​ការ​រិះ​គន់​យ៉ាង​ធំ​ពី​អង្គការ​សហប្រជាជាតិ​​ និង​ក្រុម​សិទ្ធិមនុស្ស​​មួយ​ចំនួន ​ពី​បទ​ឃុំ​ឃាំង​​ក្រុម​អ្នក​ស្វែង​រក​​សិទ្ធិ​ជ្រកកោន​​ ដែល​ពួក​គេ​​ព្យាយាម​​ទៅ​​ឲ្យ​ដល់​ច្រាំង​សមុទ្រ​តាម​ទូក ទោះ​​បី​ជា​ពួក​គេ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ជន​ភៀស​ខ្លួន និង​ឃុំឃាំង​ទុក​​នៅ​តាម​​មជ្ឈមណ្ឌល​​រៀប​ចំ​​​បែប​បទ​​នៅ​មាត់​ច្រាំង​ណាវរូ និង​នៅ​តាម​​ច្រាំង​​នៃ​​ប្រទេស​​ប៉ាពូញូហ្គីនេ​ក៏​ដោយ។

គោល​នយោបាយ​​ឃុំឃាំង​នៅ​តាម​​ច្រាំង​សមុទ្រ ​​ត្រូវ​បាន​​គាំទ្រ​ដោយ​រដ្ឋាភិបាល​​ស្ដាំនិយម​កណ្ដាល​ និង​ក្រុម​គណបក្ស​ប្រឆាំង។ អង្គការ​សហប្រជាជាតិ​​​បាន​ព្រមាន​​ពី​វិបត្តិ​​មនុស្ស​ធម៌ ​ដែល​​អាច​នឹង​កើត​មាន​ឡើង​​នៅ​ក្នុង​​កោះ​ម៉ានូស​ នា​ភាគ​កណ្ដាល​ប្រទេស​ប៉ាពូញូហ្គីនេ​ដែល​ត្រូវ​គេ​បិទ​នៅ​ថ្ងៃ​ទី៣១ ខែ​តុលា​ ប៉ុន្តែ​​ក្រុម​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​​ ៦០០​នាក់​​បាន​បដិសេធ​​មិន​ចាក​​ចេញ ​​​ដោយ​ភ័យ​ខ្លាច​​ពី​អំពើ​ហិង្សា​​សង​សឹក​​ពី​អ្នក​រស់​នៅ​​លើ​កោះ​នេះ​ ប្រសិន​បើ​​ពួក​គេ​​ទៅ​រស់​នៅ​​ក្នុង​មជ្ឈមណ្ឌល​រង់​ចាំ ​​ធ្វើ​ដំណើរ​ចេញ​​ដែល​អាច​ត្រៀម​​លទ្ធភាព​​រយៈ​ចេញ​ដំណើរ​​ ទៅ​​រក​​កន្លែង​ស្នាក់​​នៅ​ថ្មី​លើ​​ទឹក​ដី​សហរដ្ឋ​អាមេរិក៕​​​

អត្ថបទ៖ រិទ្ធី