ស្វាយរៀង ៖ ដោយលំបាកក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយក្នុងការប្រាស្រ័យទំនាក់ទំនង និងការផ្លាស់ប្តូរទំនិញ ថ្មីៗនេះ ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួន បានរួមគ្នាធ្វើការជួសជុលផ្លូវថ្នល់ ប្រើប្រាស់បណ្តោះអាសន្ន ខណៈដែល ជំនន់ទឹកទន្លេ និងទឹកភ្លៀងបានស្រកស្រុតចុះ។
ផ្លូវថ្នល់ជាច្រើនខ្សែស្ថិតនៅតាមតំបន់ជំនន់ទឹកទន្លេ និងទឹកភ្លៀងជន់លិច ត្រូវបានប្រជាពលរដ្ឋនៅតាម សហគមន៍ធ្វើការជួសជុលឡើងវិញហើយ សម្រាប់ធ្វើចរាចរ និងនាំផលិតផលទៅកាន់ទីផ្សារ និងតំបន់ផ្សេងៗទៀត បន្ទាប់ពីទឹកទន្លេ និងទឹកភ្លៀងញាំញី បំផ្លាញដោយអន្លើៗ មួយរយៈកន្លងមក។
ដោយឡែកប្រជាពលរដ្ឋនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ដែលជាភូមិមួយក្នុងចំណោមភូមិ ជាច្រើនផ្សេងទៀត នៅទូទាំងខេត្ត កាលពីម្សិលមិញ បានចាប់ផ្តើមរួមគ្នាធ្វើការជួសជុលផ្លូវថ្នល់ សម្រាប់ប្រើប្រាស់ បណ្តោះអាសន្ន និងនាំកសិផលទៅកាន់ទីផ្សារ និងតំបន់ឯទៀតឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀងបានបំផ្លាញមួយ រយៈកន្លងមក។
តំណាងក្រុមប្រជាពលរដ្ឋភូមិតាស្អាងម្នាក់ លោក គឹម ផល្លី បានប្រាប់ B.T.V ថា ផ្លូវនៅភូមិរបស់លោក ជារៀង រាល់ឆ្នាំ ទោះជំនន់ទឹកទន្លេមិនបានលិច ក៏ផ្លូវមួយខ្សែនេះត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀង និង រថយន្តដឹកកម្មករ ដែរ ពីព្រោះផ្លូវស្ថាបនាដោយមូលនិធិឃុំធ្វើមិនត្រូវបទដ្ឋាន ដោយចាក់ដីឥតខាងក្រោម និងរោយខ្សាច់ភ្នំតិចពេក ប៉ះចំភ្លៀងមួយមេធំខ្សាច់ហូរច្រោះសល់តែដីឥដ្ឋ បង្កការលំបាកដល់ការធ្វើដំណើរ តែបើនៅរដូវប្រាំងវិញ បង្កទៅជា ខ្សាច់ហុយ។
ខេត្តស្វាយរៀងជាខេត្តមួយ ដែលប្រជាពលរដ្ឋរស់នៅដោយអាស្រ័យផលលើវិស័យកសិកម្ម និងប្រកបរបរ បន្ថែមនៅតាមរោងចក្រសហគ្រាស ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៥ ស្របនៃកំណើន ការងារច្រើន ការធ្វើដំណើរទៅប្រកបរបបតាមរយៈយានយន្តក៏មានការកើនឡើង គួបផ្សំទៅនឹងទឹកទន្លេ និងទឹកភ្លៀង ជោជន់លិច បានបំផ្លាញផ្លូវថ្នល់ជាអន្លើៗ ជាច្រើនខ្សែ ហើយរាល់នៃការធ្វើដំណើរមានភាពយឺតយ៉ាវ ឯកសិផលមួយ ចំនួនបានរងនូវការខូចខាត មិនបានដឹកជញ្ជូនទៅកាន់ទីផ្សារទាន់ពេលវេលា៕