មនុស្ស​​ជាង ១០០​នាក់​បាត់បង់​ជីវិត​ក្នុង​ការ​​រញ្ជួយ​ដី​​​​​កម្រិត​ ៧,៣រ៉ិកទ័រ​នៅ​ក្បែរ​​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​

1541

អ៊ីរ៉ាក់៖ ពលរដ្ឋ​អ៊ីរ៉ាក់​ជា​ច្រើន​​បាន​ភៀស​ខ្លួន​ចេញ​ពី​អគារ​មួយ​ចំនួន ​​ទាំង​ភ័យ​ស្លន់ស្លោ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​ ខណៈ​មាន​​​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​​មួយ​កើត​ឡើង​​ក្នុង​កម្រិត ៧,៣រ៉ិកទ័រ​នៅ​ក្បែរ​ព្រំដែន​​រវាង​ប្រទេស​អ៊ីរ៉ាក់​ និង​អ៊ីរ៉ង់។

វីដេអូ​​ទូរស័ព្ទ​ដែល​គេ​​បាន​​ថត​​​ក្នុង​​ទីក្រុង Dohuk និង​​ As-Salaymaniya របស់​ក្រុម​ឃើត ​​បង្ហាញ​ឲ្យ​ឃើញ​​អំពី​ការ​​ជម្លៀស​ខ្លួន​​ចេញ ​ពី​ហាង​លក់​​ទំនិញ​​យ៉ាង​ប្រញាប់​ប្រញាល់​បំផុត។ ក្រុម​មន្ត្រី​ និង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​​រដ្ឋ​នៅ​ក្នុង​ប្រទេស​ទាំង​២​ បាន​ឲ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់​​មនុស្ស ៤​នាក់​បាត់​បង់​​ជីវិត​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ហើយ​មនុស្ស​ជា​ច្រើន​​​នាក់​ផ្សេង​ទៀត​បាន​​បាត់​បង់​ជីវិត​​នៅ​តាម​ព្រំដែន​​ប្រទេស​អ៊ីរ៉ាក់។

ក្រុម​មន្ត្រី​​ក្រសួង​​សុខាភិបាល​ឃើត​បាន​និយាយ​ថា យ៉ាង​​ហោច​ណាស់​​មនុស្ស​ ៤​នាក់​ត្រូវ​បាត់​បង់​ជីវិត​​ និង​ ៥០​នាក់​ផ្សេង​ទៀត​​រង​របួស។ ស្រប​ពេល​ជាមួយ​នេះ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​ផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​​មនុស្ស ១២៩​នាក់​​បាន​បាត់​បង់​ជីវិត​​ និង​​ ៣០០​នាក់​ផ្សេង​ទៀត​​រង​របួស​​​ក្នុង​ខេត្ត​គែម៉ង់សាស​នៅតាម​តំបន់​ព្រំដែន​​ប្រទេស​អ៊ីរ៉ង់៕​​​​​​​

អត្ថបទ៖ រិទ្ធី