បុរស​ជនជាតិ​ចិន​ត្រូវ​តុលាការ ​ខេត្តកណ្តាល ​ផ្ដន្ទាទោស​១​ឆ្នាំ ​ពាក់​ព័ន្ធ​ករណី​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយ​ច្រើន​តោន

148

កណ្ដាល ​៖​ ករណី​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយ​ច្រើន​តោន ​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែ វិច្ឆិកា​ នេះ​លោក​ ហុក វ៉ាន់​ធី​ណា ​ប្រធាន​សាលាដំបូង​ ខេត្តកណ្ដាល​ និង ជា​ចៅក្រម​ជំនុំជម្រះ ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​បុរស​ជនជាតិ​ចិន​ម្នាក់ ​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា ​ជនជាប់ចោទ​ឈ្មោះ ម៉ៅ លី​ជុន ភេទ​ប្រុស (MAU LI JUN)​ ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ ខេត្តកណ្តាល តាម​ដីកា​លេខ ៩៧៦ ចុះ​ថ្ងៃទី​០៥ ​ខែមេសា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ម៉ាក និង​នាំចូល ដោយ​ចេតនា នូវ​ទំនិញ​ដែល​មាន​ម៉ាក​ក្លែងក្លាយ ប្រព្រឹត្ត​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ កាល​ពី​ថ្ងៃទី​៣១ ខែមីនា ​ឆ្នាំ​២០១៧ តាម​មាត្រា​៦៤​ និង​មាត្រា​៦៦ ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​ការ​ប្រកួតប្រជែង​ មិន​ស្មោះត្រង់​។

របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បង្ហាញថា ​ជនល្មើស​បាន​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​សន្យា​ផ្តល់​លាភសក្ការៈ​ជាច្រើន​ដល់​ភ្នាក់ងារ​មាន​សមត្ថកិច្ច ​ដើម្បី​បន្ធូរ​បន្ថយ ទោស ក៏ប៉ុន្តែ​គណៈកម្មាធិការ ​និង​សមត្ថកិច្ច​ចម្រុះ​បាន​បដិសេធ ​និង​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ៕