Marc Marquez ឈ្នះ​ជើងឯក​ម៉ូតូ GP ពិភពលោក​លើក​ទី​បួន​ក្នុង​រយៈពេល 5ឆ្នាំ​

48

ប្រណាំង​ម៉ូតូ៖ ​ទីបំផុត​កីឡាករ​ប្រណាំង​ម៉ូតូ​អេ​ស្ប៉ា​ញ Marc Marquez បាន​ក្លាយ​ជា​ជើងឯក​ពិភព​លោក​ប្រណាំង​ម៉ូតូ GP លើក​ទី​បួន​ក្នុង​រយៈពេល 5ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​គូប្រជែង Andrea Dovizioso ដួល​ក្នុង​ការ​ប្រកួត​ទីលាន​ចុងក្រោយ​នៅ Valencia ប្រទេស​អេ​ស្ប៉ា​ញ​។

​​Marc Marquez ត្រូវការ​បញ្ចប់​ត្រឹម​លេខ​11 ប៉ុណ្ណោះ​ដើម្បី​គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក​។ ចាប់​ផ្ដើម​ចេញ​ដំណើរ​នៅមុខ​គេ Marc Marquez បាន​បញ្ជា​ម៉ូតូ​ហុងដា​របស់​គេ​បញ្ចប់​លេខ3 តាម​ពី​ក្រោយ​អ្នកឈ្នះ​មិត្ត​រួម​ជាតិ អេ​ស្ប៉ា​ញ Dani Pedrosa និង​លេខ2 កីឡាករ​បារាំង Johann Zarco​។ ​គូ​ប្រជែង​ម្នាក់​គត់​ដែល​អាច​ឆក់​យក​ជើងឯក​ពិភពលោក​ពី Marc Marquez បាន​គឺ​កីឡាករ​អ៊ីតាលី Andrea Dovizioso តែ​កីឡាករ​របស់​ក្រុម Ducati រូប​នេះ​សំណាង​មិនល្អ​ដោយ​ប៉ះទង្គិច​ជាមួយ​មិត្ត​រួម​ក្រុម Jorge Lorenzo​។

​កីឡាករ​វ័យ 24ឆ្នាំ Marc Marquez បាន​ក្លាយ​ជា​កីឡាករ​ប្រណាំង​ម៉ូតូ​វ័យក្មេង​បំផុត ​ដែល​ឈ្នះ​ជើងឯកពិភព​លោក​បួន​សម័យ​។ ​ចំណែក​ប្រភេទ Moto2 ជើងឯក​ពិភពលោក​គឺ​កីឡាករ Franco Morbidelli ខណៈ​ទីលាន​ចុងក្រោយ​ឈ្នះ​ដោយកីឡាករ Miguel Oliviera​។ ​ផ្នែក Moto3 ជើងឯក​បាន​ទៅ​កីឡាករ Joan Mir ខណៈ​ទីលាន​ចុងក្រោយ​ឈ្នះ​ដោយ Jorge Martin៕
​អត្ថបទ​៖​នាង សុភា​វុ​ធ