ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​គ្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុងភ្នំពេញ

918

ភ្នំពេញ ៖ ​​ក្រុមហ៊ុន​អចលនទ្រព្យ​ URATA S.E (Cambodia)Co, Ltd​ ដែល​មាន​មូលដ្ឋាន​មកពី​ប្រទេស​ជប៉ុន​ គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ​នៅ​ទីក្រុង​ភ្នំពេញ​ដើម​ឆ្នាំ​២០១៨​ខាងមុខនេះ​។

យោងតាម​ព័ត៌​មាន​ ដែល​BTV ​ទទួល​បាន​ពី​បុគ្គលិក​ក្រុមហ៊ុន​ខាងលើ​ បានឲ្យ​ដឹងថា ​ក្រុមហ៊ុន​URATA S.E (Cambodia)Co, Ltd​ ដែលជា​ក្រុមហ៊ុន មាន​ជំនាញ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ នឹង ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​២៣​ជាន់​មួយ​ ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​រាជធានី​ភ្នំពេញ​។ អាគារ​ពាណិជ្ជ​កម្មនេះ​ ផ្តោត​លើ​ការផ្តល់​សេវាកម្ម​ការិយាល័យ អា​ផាត​ម៉ិ​ន ខុន​ដូ និង​ផ្សារ​ទំនើប​ផង​ដែរ​។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​ARATA S.E មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទុន​វិនិយោគ​ និង​ទីតាំង​ច្បាស់​លាស់​នៅឡើយ​ទេ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន កាន់​តែច្រើន​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ​ដូចជា ​ក្រុមហ៊ុន​CREED Group ​ដែល​បាន​និងកំពុង​វិនិយោគ​គំរោង​ខុន​ដូ បុរី​មហា​សែន​សុខ បុរី ​ARATA ​ក្រុមហ៊ុន​TOYOKO INN​ វិនិយោគ​សាងសង់​ សណ្ឋាគារ និង​ក្រុមហ៊ុន ​ARAKAWA Co, Ltd​ ដែល​បាន​ទិញ​យក​អគារ​ប៊ូ​ឌី​ញ ស​ និង​កំពុង​វិនិយោគ​ខុន​ដូ​ តម្លៃ​សមរម្យ​ នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ ភ្នំពេញ​។​ រហូតមកទល់​ពេលនេះ​ មាន​សហគ្រាស និង​ក្រុមហ៊ុន​ជប៉ុន​ជាង​១០០០​ ហើ យ​កំពុង​វិនិយោគ​នៅ​កម្ពុជា​។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ បាន​ថ្លែងថា ​ទំនាក់ទំនង​ជប៉ុន​បាន​ ឈានដល់​ដំណាក់កាល​ថ្មី​មួយ ​តាមរយៈ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​បន្ទាប់ពី​មាន​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ANA ​ដែល​បាន​ហោះ​ត្រង់​មក​កម្ពុជា​កាលពី​ចុង​ឆ្នាំ​មុន​។​លោក ​បន្តថា ​ការ​ភ្ជាប់​ជើង​ហោះហើរ​ត្រង់នេះ ​មិន​ត្រឹមតែ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ​ទេ ​តែ​ជា​ការ​បង្ហាញ​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ នៃ​នយោបាយ​ និង​កា​ទូត​រវាង​ប្រទេស​ទាំងពីរ​។

លោក​ បន្តថា “​ជប៉ុន​បាន​វិនិយោគ​លើ​មូលដ្ឋាន​ចាំបាច់ ​សម្រាប់​ការ​ស្នាក់នៅ ​និង​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ​ ព្រោះ​ជប៉ុន​មុន​ទៅ​វិនិយោគ​នៅ​ប្រទេស​ណា​ ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់ មុន ​សម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស​ទាំងនោះ​”​។​លោក ​បន្តថា “​បច្ចុប្បន្ន​ជប៉ុន​បាន​វិនិ​យោគ​លើ​ផ្សារ​ ទំនើប សណ្ឋាគារ ខុន​ដូ ​អា​ផាត​ម៉ិ​ន​ ការិយាល័យ ​មន្ទីរពេទ្យ​ និង​ទីលាន​វាយ​កូន​ហ្គោល​ជាដើម ដែល​នេះ​សុទ្ធ​តែ​ជា​មូលដ្ឋាន​សម្រាប់​ការ​ស្នាក់នៅ និង​វិនិយោគ​រយៈពេល​វែង​នៅទីនេះ​”៕