អា​ហ្ស​ង់​ទិន​យក​ឈ្នះ​រុស្សី 1-0 នៅ​ក្នុង​ថ្ងៃ​សម្ពោធ​កីឡដ្ឋាន​ត្រៀម​រៀបចំ World Cup ឆ្នាំក្រោយ​

63

បាល់ទាត់៖ ​មួយ​គ្រាប់​ចុង​ម៉ោង​ពី​កីឡាករ​ខ្សែប្រយុទ្ធ Sergio Aguero នាំ​ក្រុម​អា​ហ្ស​ង់​ទិន​យកជ័យ​ជំនះ​ក្នុង​លទ្ធផល 1-0 ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ World Cup 2018 រុស្សី​ដែល​ជា​ថ្ងៃ​ដាក់​សម្ពោធ​កីឡដ្ឋាន Lnzhniki Stadium ដែល​ទើប​បញ្ចប់​ការ​កែ​លំអ​ថ្មី​តាម​សម័យ​ទំនើប​ចុងក្រោយ​កាលពី​ថ្ងៃ​សៅ​វ៍។​

កីឡាករ​ខ្សែប្រយុទ្ធ​នៃ​ក្រុម Manchester City, Sergio Aguero ជា​អ្នក​ស្វែង​រក​បាន​មួយ​គ្រាប់​ដោយ​ថ្វី​ក្បាល​នៅ​នាទី​ទី៨៦ ទំ​លុះ​សំណាញ់​អ្នកចាំទី Igor Akinfeef។ ​​គ្រូ​បង្វឹក​អា​ហ្ស​ង់​ទិន​លោក Jorge Sampoli បាន​ថ្លែង​ក្រោយ​បញ្ចប់​ការប្រកួត​ថា​ យើង​ចំណេញ​ច្រើន​ពី​ការប្រកួត​មួយ​នេះ​ដោយ​បាន​ដាក់​កីឡាករ​ក្មេងៗ​ច្រើន ដើម្បី​ដកស្រង់​បទពិសោធន៍ ប៉ុន្តែ​មិន​អាច​ខ្វះ​បាន​ឡើយ​ពី​ការ​ជ្រោមជ្រែង​ពី​រៀមច្បង Angel Di Maria និង​កំពូល​ខ្សែប្រយុទ្ធ Lionel Messi។​ ​រំលឹក​ថា ​កីឡដ្ឋាន Lnzhniki Stadium នេះ​បាន​ចាប់ផ្ដើម​បើកផ្លូវ​ការ​នៅ​ឆ្នាំ១៩៥៦ មុន​ពេល​ដែល​កីឡដ្ឋាន​មួយ​នេះ​ទទួល​បាន​ការរៀបចំ​អូឡាំពិក​ទីក្រុង Moscow 1980 និង​ចុងក្រោយ​រៀបចំ​ព្រឹត្តិការណ៍​ជើងឯក​អត្ត​ព​លិ​ក​ឆ្នាំ​២០១៣ ហើយ​បិទ​ដើម្បី​កែលំអ​ឡើងវិញ​ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ៣៥០​លាន​អឺរ៉ូ​ដើម្បី​ត្រៀម​ស្វាគមន៍ World Cup 2018 ពេល​ដ៏​ខ្លី​ខាងមុខនេះ។

កីឡដ្ឋាន Lnzhniki Stadium

​​ចំពោះ​ការប្រកួត​បន្ទាប់​នោះ​គឺ​រុស្សី ​ត្រូវ​ប្រឈមមុខ​នឹង​គោ​ជល់​អេ​ស្ប៉ា​ញ​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ នៅ​ទីក្រុង St Petersburg នៅ​ថ្ងៃ​ទី​១៤ ជាមួយ​គ្នា​ដែល​អា​ហ្ស​ង់​ទិន​វិញ​ជួប​ក្រុម​នី​ហ្សេ​រី​យ៉ា​ផង​ដែរ​ នៅ​កីឡដ្ឋាន Krasnodar ភាគ​ខាង​ត្បូង​ប្រទេស​រុស្សី៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ