បញ្ហា​​នុយក្លេអ៊ែរ​​កូរ៉េ​ខាង​ជើង​​​ប្រហែល​​ជា​នឹង​​ត្រូវ​​ពិភាក្សា​​នៅ​ឯ​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​ក្នុង​ប្រទេស​ហ្វីលីពីន

40

ហ្វីលីពីន៖ អ្នក​វិភាគ​​នយោបាយ​ម្នាក់​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​​កំពូល​​លើក​ទី៣១ របស់​សមាគម​ប្រជាជាតិ​​អាស៊ីអាគ្នេយ៍​​ហៅ​កាត់​​អាស៊ាន និង​កិច្ច​ប្រជុំ​​​ពាក់ព័ន្ធ​ដែល​​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​​នេះ​ ប្រហែល​​ជា​​នឹង​អាច​​ពិភាក្សា​​ដោះ​ស្រាយ​​ទៅ​លើ​បញ្ហា​​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង​​ផង​ដែរ។

​​​​នៅ​ពេល​ដែល​​ក្រុម​មេដឹកនាំ​​អាស៊ាន​​បាន​ជួប​ជុំ​​គ្នា​នៅ​ទីក្រុង​ម៉ានីល​​នៅ​ដើម​ឆ្នាំ​​នេះ ​ពួក​គេ​បាន​សម្ដែង​អំពី​ក្ដី​បារម្ភ​​កើន​ឡើង​ជុំវិញ​​ភាព​តាន​តឹង​​ ចេះ​តែ​​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​​ ហើយ​រយៈ​ពេល​​បី​បួន​ខែ​ក្រោយ​មក​បញ្ហា​តាន​តឹង​​បែប​នេះ​នៅ​តែ​មាន​ដដែល​ ខណៈ​​ដែល​ក្រុម​មេដឹកនាំ​​ប្រចាំ​តំបន់​ជួប​ជុំ​គ្នា​​ម្ដង​ទៀត​​ មាន​​ការ​សង្ស័យ​​តិច​តួច​​ដែល​​​ថា កិច្ច​ប្រជុំ​នេះ​នឹង​​ពិភាក្សា​​ផ្ដោត​ទៅ​លើ​កម្ម​វិធី​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង​​ ឬ​យ៉ាង​ណា​នោះ​​។ លោក រីឆាត ហេដារៀន អ្នក​វិភាគ​នយោបាយ​​បាន​បន្ត​ថា លោក​ជឿ​ថា​ការ​ប្រជុំ​ពិភាក្សា​​នេះ ​គឺ​សំដៅ​ទៅ​លើ​​ការ​ដាក់​ទណ្ឌកម្ម​​ថែម​ទៀត​ ហើយ​ដែល​ក្រុម​ប្រឹក្សា​​អង្គការ​សហប្រជាជាតិ​​ ទើប​តែ​បាន​​បង្ហាញ​​ពី​គំនាប​ទណ្ឌកម្ម​ថ្មី​ៗ​ នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​​​បន្ថែម​ទៀត​រយៈ​ពេល​​ជាង​ ១​ខែ​កន្លង​មក​នេះ។

លោក​បន្ថែម​ថា គំនាប​​ពេល​នេះ​គឺ​សម្រាប់​អាស៊ាន​ ដើម្បី​កាត់​ផ្ដាច់​ទាំង​ស្រុង​នូវ​ចំណង​​សេដ្ឋកិច្ច​តាម​បែប​​ណា​មួយ ​ដែល​ពួក​គេ​​បាន​ធ្វើ​ជាមួយ​​កូរ៉េ​ខាង​ជើង​​នា​ពេល​កន្លង​មក​។ បញ្ហា​នុយក្លេអ៊ែរ​​ប្រហែល​ជា​នឹង​ត្រូវ​ពិភាក្សា ​​ជា​ពិសេស​​នៅ​ពេល​ដែល​​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ស្ថិត​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ៕​​

អត្ថបទ៖ រិទ្ធី