ជន​សង្ស័យ​ជា​សមាជិក​​ក្រុម​រដ្ឋ​អ៊ីស្លាម​​ត្រូវ​​គេ​ជំរុញ​​ឲ្យ​ទៅ​​កាន់​សាលារៀន​ ក្រោយ​​​ដោះលែង​​ចេញ​ពី​មន្ទីរឃុំឃាំង​នៅ​ទីក្រុង​រ៉ាក់កា​

25

ស៊ីរី៖ ជន​សង្ស័យ​​ជា​​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវ​បាន​គេ​ដោះ​លែង​ ចេញ​ពី​ពន្ធនាគារ​​​ក្នុង​ទីក្រុង​រ៉ាក់កា​កាល​ពី​ថ្ងៃ​​សៅរ៍​ទី១១ ខែ​វិច្ឆិកា​ និង​ជំរុញ​ឲ្យ​​ឲ្យ​​លះ​បង់​គំនិត​​​ភក្ដីភាព​ជាមួយ​​ក្រុម​សកម្ម​ប្រយុទ្ធ​នោះ​​ចោល​​។

បុរស​ចំនួន ៣៥​នាក់​ក្នុង​ចំណោម​​នោះ ​មាន​​មួយ​ចំនួន​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​ប្រយុទ្ធ​ជាមួយ​ក្រុម​នេះ​ ត្រូវ​បាន​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​គាំទ្រ​​ ដោយ​សហរដ្ឋ​អាមេរិក​​​ហៅ​កាត់​ SDF ដោះលែង និង​​ប្រគល់​ទៅ​ឲ្យ​​ក្រុម​ប្រឹក្សា​​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង​រ៉ាក់កា​។ សមាជិក​​ក្រុម​ប្រឹក្សា​​បាន​ជំរុញ​​​ឲ្យ​បុរស​ទាំង​នោះ​ប្រើប្រាស់​​ឱកាស​​​ទី២ របស់​ខ្លួន​ដើម្បី​សិក្សា​​ ឬ​រក​ការងារ​ធ្វើ​ជា​ដើម។ ​លោក អូម៉ា អាល់លូស ​អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែក​ទំនាក់ទំនង​​សាធារណៈ​​ ជាមួយ​​ក្រុម​ប្រឹក្សា​​បាន​និយាយ​ថា ​អ្នក​ដែល​​នៅ​វ័យ​ក្មេង​​ស្ថិត​ក្នុង​ចំណោម​បុរស​ទាំង​នេះ​​ នឹង​ត្រូវ​ត្រឡប់​ទៅ​​​កាន់​សាលា​រៀន​វិញ ឬ​​សាកលវិទ្យាល័យ​ ហើយ​ពួក​គេ​ផ្សេង​ទៀត​​កំពុង​រក​ការងារ​ធ្វើ​ ដែល​មាន​​ការិយាល័យ​​ចុះ​ឈ្មោះ​​រក​ការងារ​​ធ្វើ​មួយ​កន្លែង​​ នៅ​ឯ​​ក្រុម​ប្រឹក្សា​​ជន​ស៊ីវិល​​នៅ​ទីក្រុង​រ៉ាកកា​ ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​ឱកាស​​រក​បាន​ការងារ​​យ៉ាង​សម​រម្យ​។

បុរស​ទាំង​​អស់​​ត្រូវ​បាន​គេ​ផ្ដល់​ឯកសារ​​​បញ្ជាក់​អត្តសញ្ញាណ​​ជា​ថ្មី និង​ត្រូវ​អនុញ្ញាត​​ឲ្យ​ទៅ​ជួប​ជុំ​ជាមួយ​សមាជិក​គ្រួសារ​​​របស់​ពួក​គេ​​រៀង​ៗ​ខ្លួន​។ ក្នុង​ចំណោម​អ្នក​ទោស​​ទាំង​នោះ​មាន​ក្មេង​​ប្រុស​វ័យ​​ជំទង់​អាយុ​ ១៧​ឆ្នាំ​ម្នាក់​ឈ្មោះ​ អាមេត អីសា ដែល​បាន​​និយាយ​ថា ​ខ្លួន​បាន​​ចូល​រួម​​បំរើ​​ជា​អ្នក​ប្រយុទ្ធ​​រដ្ឋ​អ៊ីស្លាម​​អស់​រយៈ​ពេល​ ៣ខែ​ ហើយ​ក្រោយ​មក​ត្រូវ​កង​កម្លាំង​ SDF ចាប់​បាន​ និង​ឃុំ​​ខ្លួន​អស់​​រយៈ​ពេល ៧ខែ៕​

អត្ថបទ៖ រិទ្ធី