កីឡាករ​ Xavi ប្រកាស​គម្រោង​ចូលនិវត្តន៍​​ពី​អាជីព​បាល់ទាត់​

60

បាល់ទាត់៖ ​អតីត​វីរៈបុរស​បាល់ទាត់​របស់​ក្លឹប​អេ​ស្ប៉ា​ញ FC Barcelona, Xavi Hernandez បាន​ប្រកាស​ចូលនិវត្តន៍​ហើយ​នៅ​ពេល​ចប់​រដូវ​កាល​នេះ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ Marca​។

​​សារព័ត៌មាន​ដដែល​បាន​ដកស្រង់​ពាក្យសំដី​របស់​កីឡាករ​វ័យ 37ឆ្នាំ​រូប​នេះ​ថា “​ខ្ញុំ​មាន​សំណាង​ដែល​មាន​របួស ខ្ញុំ​គិត​ថា​អាជីព​បាល់ទាត់​របស់ខ្ញុំ​កំពុង​អន់ថយ​។ មិនតែប៉ុណ្ណោះ​ខ្ញុំ​កាន់តែ​មាន​ភាព​នឿយ​ហត់​បន្តិច​ម្ដង​ៗ ហើយ​ខ្ញុំ​ប្រាកដ​ខ្លួនឯង​ថា វា​ជា​ឆ្នាំ​ចុងក្រោយ​ហើយ​នៃ​អាជីព​បាល់ទាត់​របស់ខ្ញុំ​”​។​ ​ក្រៅពី​ការប្រកាស​គម្រោង​ចូលនិវត្តន៍ Xavi ក៏បាន​បង្ហើប​ពី​គម្រោង​ផ្លាស់​ពី​អាជីព​កីឡាករ​ទៅជា​គ្រូ​បង្វឹក​វិញ​។ ​រំលឹក​ថា​ខ្សែ​បំរើ​វ័យ 37ឆ្នាំ​ដែល​បាន​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ2014 រូប​នេះបច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប​កាតា Al-Sadd​។

​Xavi បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ទាំង​អេ​ស្ប៉ា​ញ និង Barcelona ចងចាំ​មិន​ភ្លេច​ពី​សមត្ថភាព​របស់​គេ​ដែល​ធ្លាប់​ឈ្នះ​ជើងឯក La Liga 8លើក​ជាមួយ Barcelona រួម​ជាមួយ UEFA Champions League 4ដង និងនៅ​ជាមួយ​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក​ពិភពលោក2010 នៅ​អាហ្វ្រិក​ខាងត្បូង និងជើងឯក​ទ្វីប​អឺរ៉ុប​ពីរ​លើក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ