សម្តេចតេជោ ហ៊ុន សែនស្នើឲ្យអាមេរិកពិចារណាបង្វែរបំណុលកម្ពុជាទៅជាជំនួយវិញ

180

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជាជំនួសវិញ។

សំណើដែលបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក ដូណាល់ ត្រាំ បំណុលដែលកម្ពុជាជំពាក់អាមេរិក គឺប្រៀបដូចជាអាមេរិក យកញញួរមកវាយក្បាលកម្ពុជា ហើយឲ្យកម្ពុជាសងថ្លៃញញួរនោះថែមទៀត។

យោងតាមហ្វេសបុកផ្លូវការរបស់សម្តេចបានគូសបញ្ជាក់ថា បញ្ហាបំណុលដែលកម្ពុជាមានជាមួយសហរដ្ឋអាមេរិក ជាបញ្ហាមួយដែលសម្តេចធ្លាប់បាននិយាយជាមួយប្រធានាធិបតី អូប៉ាម៉ា ដែលបញ្ហារឿងនេះនៅត្រង់ថា កម្ពុជាត្រូវបានទម្លាក់ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយបានក្លាយទៅជាប្រទេសជំពាក់បំណុលរបស់សហរដ្ឋអាមេរិក ហើយបំណុលនោះទៀតសោតគឺអាមរិកជាអ្នកមានភារកិច្ចសង។

សម្តេចបានស្នើសុំថា ស៊ំមេរិកបង្វែបំណុលនោះមកជួយកម្ពុជាវិញ ចំណុចនេះគឺជាចំណុចដែលយើងខ្ញុំស្នើសុំឯកឧត្តមពិចារណា ពីព្រោះថាវាប្រៀបដូចជាការយកញញួរមកវាយយើងខ្ញុំហើយ ឲ្យយើងខ្ញុំសងថ្លៃញញួរហ្នឹងទៅទៀត ព្រោះជំនួយនេះមិនដឹងថាយកមកធ្វើអី ហើយបានទិញអាវុធមកធ្វើសង្រ្គាមនៅកម្ពុជា ក្នុងពេលនៅក្មេងៗនៅឡើយ។

គួរបញ្ជាក់ផងដែរថាយោងតាមការរកឃើញកន្លងមកគ្រាប់បែកអាមេរិកបានទម្លាក់លើកម្ពុជាមានជាង២លានតោន ដែលបច្ចុប្បន្នមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនស៊ីម៉ាក់កំពុងបន្តប្រត្តិបត្តិការនៅឡើយទាំងគ្រាប់មីន និងគ្រាប់សំណល់មិនទាន់ផ្ទុះ៕