សម​យុទ្ធ​យោធា​​អាមេរិក​​​ដែល​មាន​​នាវា​ផ្ទុក​យន្តហោះ ៣​គ្រឿង​​ចូល​រួម​​​បាន​ចាប់ផ្ដើម​ដំណើរ​ការ​ ខណៈ​​​លោក ត្រាំ កំពុង​ធ្វើ​​ទស្សនកិច្ច​​នៅ​តំបន់​អាស៊ី​

84

កូរ៉េ​ខាង​ត្បូង៖ ក្រុម​វាយប្រហារ​​នៃ​នាវា​ផ្ទុក​យន្តហោះ​​អាមេរិក​ចំនួន ៣​ក្រុម​បាន​ចាប់ផ្ដើម​​​ធ្វើ​សម​យុទ្ធ​រួម​គ្នា​មួយ​​ នៅ​ក្នុង​ដែន​ទឹក​ជិត​មាត់​សមុទ្រ​​ខាង​កើត​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១២ ខែ​វិច្ឆិកា​នៅ​ក្នុង​ការ​បង្ហាញ​​កម្លាំង​ដ៏​​កម្រ​មាន​​មួយ​ ខណៈ​ដែល​​ប្រធានាធិបតី​​​អាមេរិក​លោក ត្រាំ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​ ជាមួយ​នឹង​ការ​ព្រមាន​ជា​ច្រើន​​​អំពី​ការ​គំរាម​កំហែង ​នុយក្លេអ៊ែរ​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ។

កង​យោធា​​កូរ៉េ​ខាង​ត្បូង​​បាន​និយាយ​ថា ​នាវា​នៃ​កង​ទ័ព​ជើង​ទឹក​​កូរ៉េ​ខាង​ត្បូង​​ជា​ច្រើន​គ្រឿង​​ ក៏​បាន​ចូល​រួម​​នៅ​ក្នុង​សម​យុទ្ធ​​នេះ​ផង​ដែរ។ ​ហើយ​បាន​បន្ថែម​ទៀត​ថា សកម្មភាព​​យោធា​របស់​​កូរ៉េ​ខាង​ជើង​គឺ​ស្ថិត​​​ក្នុង​ស្ថាន​ភាព​ធម្មតា​ទេ​ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​​​ក៏​ដោយ​​ក៏​កង​យោធា​​នៅ​តែ​​ត្រៀម​លក្ខណ​ជា​ស្រេច​ ដើម្បី​វាយ​បក​​ទៅ​នឹង​ការ​បង្ក​រឿង​ណា​មួយ​​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។ ​ប្រទេស​កូរ៉េ​ខាង​ជើង​​បាន​និយាយ​​កាល​ពី​ថ្ងៃ​សៅរ៍​ថា ដំណើរ​ទស្សនកិច្ច​​​លើក​ដំបូង​​របស់​​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ ទៅ​កាន់​តំបន់​អាស៊ី​បាន​បង្ហាញ​​ឲ្យ​ឃើញ​​ថា លោក​កំពុង​ធ្វើ​ខ្លួន​ជា​អ្នក​បំផ្លាញ​គេ​ និង​​ថែម​ទាំង​​សុំ​ឲ្យ​មាន​សង្គ្រាម​​នៅ​ក្នុង​​ឧបទ្វីប​កូរ៉េ​ទៀត​ផង៕

អត្ថបទ៖ មករា