គ្រូ​ហ្សកដានី​នូវ​តែ​គោរព​ក្រុម​កម្ពុជា​ក្នុង​ជំនួប​បង្គ្រប់​កិច្ច​នា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

158
លោក Jamal Abu-Abed គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហ្សកដានី​

បាល់ទាត់៖ ថ្វីបើ​បាន​បំបាក់​កម្ពុជា​ដោយ​លទ្ធផល​ចាស់ដៃ ៧-០ កាលពី​ជើង​ទី​១​ ក្ដីលោក Jamal Abu-Abed គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហ្សកដានី​នៅតែ​ពុំ​ហ៊ាន​មើលស្រាល ឬ​ប៉ាន់ស្មាន​លទ្ធផល​តទល់​កម្ពុជា​ឡើយ ក្នុង​ជំនួប​បង្គ្រប់​កិច្ច​វគ្គ​ជម្រុះ AFC Asian Cup នា​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​គ្រូ​ហ្សកដានី​បាន​និយាយ​ថា ក្រុម​លោក​បាន​ត្រៀម​យ៉ាង​ល្អ ប៉ុន្តែ​យ៉ាង​ណា​ក្តី​ពួកគេ​ពិតជា​គោរព​ក្រុម​ម្ចាស់ផ្ទះ​ ដែល​តែងតែ​ចង់​ព្យាយាម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​មនុស្សជាតិ​។ លោក​បន្ថែម​ថា មាន​បញ្ហា​ខ្លះ​ៗ​ដូចជា​ទីលាន និង​អ្នកគាំទ្រ​ដែល​ប្រឈម ប៉ុន្តែ​យ៉ាងណា​ក្រុម​ទាំង​២ ​សុទ្ធតែ​ត្រៀម​យុទ្ធសាស្ត្រ ​១០០%​សម្រាប់​បង្ហាញ​ក្នុង​ជំនួប​ដ៏​សំខាន់​នេះ​។​ គ្រូ​បង្គោល ប្រាក់ សុវណ្ណ​រ៉ា របស់​កម្ពុជា បាន​ចាត់​ទុក​ការប្រកួត​នេះ​លំបាក​បំផុត​តាំងពី​លោក​ដឹក​នាំមក​។ គ្រូ​ធ្លាប់​រៀន​វគ្គ Pro License បង្ហើប​ថា ចង់បាន​លទ្ធផល​ល្អ ប៉ុន្តែ​ត្រឹម​លទ្ធផល​ស្មើគ្នា​ក៏​ជា​ការ​គាប់ប្រសើរ​សម្រាប់​ក្រុម​គោព្រៃ​។

​ហ្សកដានីកំពុង​ឈរ​កំពូល​តារាងមាន​ ៨​ពិន្ទុ ស្ទើរ​បាន​កៅអី​ឆ្ពោះ​ទៅ​វគ្គ​បន្ត​ទាំងស្រុង​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​កម្ពុជា​ត្រឹម​បង្គ្រប់​កិច្ច​ត្បិត​មានតែ ​៣​ពិន្ទុ​ប៉ុណ្ណោះ​។​ ការប្រកួត​រវាង​ក្រុម​ទាំង​២ ​នឹង​ចាប់ផ្ដើម​នា​ម៉ោង ​៦​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​នឹង​មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍ BTV ផង​ដែរ​៕