សម្ដេច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​

50

ភ្នំពេញ៖ សម្តេច​​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាបាន​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ទ្វេរ​ភាគីជា​មួយ ​ឯកឧ​ត្តម​ លី កឺ​ឈៀង ​នាយករដ្ឋ​មន្រ្តីនៃ​សាធារណៈរ​ដ្ឋប្រជាមានិត​ចិន​ នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ា​នលើកទី៣១​ និ​ងកិ​ច្ចប្រជុំ​ពាក់​ព័ន្ធ​នៅ​ទីក្រុ​ងម៉ានីល​ ប្រទេស​ហ្វី​លីពីន​កាល​ពីរសៀល​ថ្ងៃទី១៣ ​ខែ​វិច្ឆិកា​។


នៅក្នុង​ជំនួប​នេះ ​ឯក​ឧត្តម​ លី ​កឺឈៀង ​បានសម្តែង​សេចក្តីរីក​រាយ​ដែល​បាន​ជួប​ សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​សារ​ជាថ្មី​ម្តងទៀត​ ក្នុង​នាម​ជា​មិត្ត​ចាស់​របស់​ចិន​។ នេះគឺបាន​បង្ហាញ​បង្ហាញ​ច្បាស់​អំពីទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ឋ​កាន់​តែ​ល្អប្រសើរ​ជា​លំដាប់​រវាង​កម្ពុជា​ និង​ប្រទេស​ចិន ​ជា​ពិសេសគឺ​រវា​ង សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ​និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ចិន​។ ឯក​ឧត្ត​មលី​ កឺ​ឈៀង ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​រួម​គ្នា ​ជំរុញ​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ដល់​កម្រិត​កាន់​តែខ្ពស់ថែម​ទៀត​។
ជាការ​ឆ្លើយ​តប​ សម្តេច​តេជោនា​យករដ្ឋមន្រ្តី ​ក៏បាន​សម្តែង​នូវ​ការ​រីករាយ​ និង​បាន​ថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់​មិត្ត​ចិន​ដែល​បាន​ចាត់​ទុក​កម្ពុជា​ជា​មិត្ត​ចាស់​ប្រកបដោយ​ទំនុក​ចិត្ត​គ្នាទៅវិញ​ទៅ​មក​យ៉ាង​ខ្លាំង​បំផុ​ត។
នៅក្នុង​ជំនួប​នេះ​ដែរ ​គឺ​កម្ពុជា​នឹង​ត្រូវ​រៀប​ចំកិច្ចប្រជុំកំពូល​មេគង្គ-​ឡាន​ឆាង​លើកទី​ ២​ នៅ​រាជធានី​ភ្នំពេញ​នាខែ ​មករា​ ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​ សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ​ឯក​ឧត្តម​នាយករដ្ឋ​មន្រ្តី ​លី​ កឺឈៀង ​ចូល​រួមក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ផង​ និង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​ផង​ ដើម្បី​បើក​សករាជ​ថ្មី​នៃទំនាក់​ទំនង​មិត្ត​ភាព​ល្អរ​វាងប្រទេស​ទាំង​ពី​រ ស្រប​ពេល​នៃ​ខួបអនុស្សាវរីយ៍​ទី ​៦០ ​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​-ចិន​។
ជាការ​ឆ្លើយ​តប ​ឯក​ឧត្តម​ លី ​កឺឈៀង ​បាន​ទទួលយក​ការ​អញ្ជើញ​របស់​ សម្តេច​តេជោ ​ដោយ​រីក​រាយ​ និង​សន្យា​រួមចំណែក​ធ្វើ​ឱ្យ​កិច្ច​ប្រជុំកំ​ពូល​មេគង្គ​-ឡាន​ឆាង​បាន​ទទួល​ជោគ​ជ័យ​នៅ​ឆ្នាំ២០១​៨ខាង​មុខ​នេះ​ ។
នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​បាន​ពិភាក្សា​គ្នា​អំពីការ​ជំរុញនូវ​ការ​អនុវត្ត​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ ​ដែល​ជា​ផ្លូវ​សេដ្ឋ​កិច្ច​ ដ៏​សំខាន់​មួយ​របស់ព្រះរាជាណា​ចក្រកម្ពុជា​។ ​ជា​ការឆ្លើយ​តប ​ភាគី​ចិន​បាន​សន្យា​ថា នឹង​ខិត​ខំប្រឹង​ប្រែងឱ្យ​អស់​ពី​សមត្ថ​ភាព​ក្នុង​ការ​ជួយជំរុញ​ឱ្យ​ការកសាង​ផ្លូវ​ល្បឿនលឿន​នេះ​បាន​សម្រច​ទៅ​ឆាប់​រហ័ស​ ដើម្បីចូល​រួមវិភាគ​ទាន​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ និង​លើក​តម្កើង​ជីវភាព​រស់នៅ​រប​ស់ប្រជាជន​កម្ពុជា​។ ទន្ទឹម​នេះ​ដែរ ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នាអំពីការជំរុ​ញការ​ដោះមីន ​និង​យុទ្ធភ័ណ្ឌមិ​នទាន់ផ្ទុះ​នៅ​កម្ពុជា​ ដែលជាមរតក​នៃសង្រ្គាម​រាំរ៉ៃ​នៅ​កម្ពុជា​រាប់​ទសវត្ស​កន្លង​មក​ហើយ​។ ភាគី​មិត្ត​ចិន​បាន​ជម្រា​បជូនសម្តេច​តេជោថា ​ការ​ដោះ​មីន​ និងយុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជាសកម្មភាព​អទិភាព​ដ៏​សំខាន់​មួយ​របស់រដ្ឋាភិបាល​ចិន​ក្នុងការ​ជួយ​ប្រទេស​នានា​ ដែល​កំពុង​ជួបប្រទះនូវ​បញ្ហា​នេះ​។ មិត្ត​ចិន​សន្យាថា នឹង​ជួយ​ឱ្យអស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​មីន​ និង​យុទ្ធភ័​ណ្ឌមិនទាន់​ផ្ទុះឱ្យបាន​ឆាប់​រហ័ស​ និង​ស្នើ​ឱ្យ​ស្ថាប័នពា​ក់ព័ន្ធនៃប្រទេស​ទាំងពីរ​ធ្វើការពិភាក្សា​លើទិដ្ឋ​ភាព​ជាក់​ស្តែងហើយ​ដាក់​ជូនថ្នាក់​ដឹក​នាំទាំង​ពីរ​ពិនិត្យ​ និង​សម្រេច​ឱ្យបានមុន​ពេលទស្សន​កិច្ច​ផ្លូវ​ការ​របស់​ឯកឧត្តម​នាយករដ្ឋ​មន្រ្តីចិន​នៅ​កម្ពុជា​នា​ពេលខាង​មុខ​នេះ​។
មុន​នឹង​បញ្ចប់​កិច្ច​ពិភាក្សា ​ឯក​ឧត្តមនាយក​រដ្ឋ​មន្រ្តី ​លី ​កឺឈៀង ​បាន​បញ្ជាក់​ជម្រាប​ជូនសម្តេច​តេជោ ​ហ៊ុន ​សែន ​សារ​ជា​ថ្មី​នូវការគាំទ្រ​ពេញទំហឹង​ និង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការថែរក្សា​សុខ​សន្តិ​ភាព​, ស្ថិរ​ភាព ​និង​ការ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​៕