តម្លៃ​ស្រូវ​ក្នុង​ខេត្តពោធិ៍សាត់ នៅ​ឆ្នាំនេះ ល្អ​ជាង​ឆ្នាំមុន​

35

ពោធិ៍សាត់ ៖ បញ្ហា​តម្លៃ​ស្រូវ គឺជា​ប្រធានបទ​ក្តៅ ដែល​ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើង​កាលពី​ឆ្នាំកន្លងមក ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល បាន​ខ្នះខ្នែង​ធ្វើយ៉ាងណា​ជួយ​ដល់​កសិករ​ឲ្យ​អាច​លក់​ស្រូវ​ក្នុងតម្លៃ​មួយ​ដែល​ពួកគេ​អាច​ទទួល​យកបាន និង​បាន​ផល ចំណេញ​ខ្លះ​។

អាជ្ញាធរ និង​ប្រជា​កសិ​ករ​ខេត្តពោធិ៍សាត់ ​បាន​សំដែង​នូវ​ក្តី​សប្បាយរីករាយ​ ចំពោះ​តម្លៃ​ស្រូវ​ឆ្នាំនេះ​ដែល​មាន​ភាព ​ល្អប្រសើរ​ជាង​ឆ្នាំមុន​។

តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​កសិកម្ម​ខេត្តពោធិ៍សាត់ គឺថា ឆ្នាំនេះ ​ការ​បង្កបង្កើនផល​ស្រូវ  ​មានការ​កើនឡើង​លើស​ឆ្នាំ មុន និង​លើស​ផែនការ​ឆ្នាំ​ទៀតផង​។ ​គិត​មក​ទល់ពេលនេះ​ ការប្រមូល​ផល​ស្រូវស្រាល ​និង​ស្រូវ​កណ្តាល​ស្ទើរ​បញ្ចប់​ទាំង ស្រុង​ទៅហើយ​ គឺ​នៅតែ​ស្រូវធ្ងន់​តែប៉ុណ្ណោះ​។​ ចំពោះ​តម្លៃ​ស្រូវ​ឆ្នាំនេះ ​ឃើញថា​ មាន​ហាងឆេង​ល្អ និង​ឋិតថេរ មិន​ស្រុត​ចុះ​ដូច​ឆ្នាំមុន​ទេ​ ជាក់ស្តែង​តាំងពី​ចាប់ផ្តើម ​ប្រមូល​ផល ​តម្លៃ​ស្រូវ​មួយ​គីឡូក្រាម អាច​លក់​បាន​ជាង​មួយ​ពាន់​រៀល ហើយ​មកដល់​ពេលនេះ ​តម្លៃ​ស្រូវ​ក៏​នៅ​ជាង​មួយ ពាន់​រៀល​ដដែល​សម្រាប់​ស្រូវ​ប្រភេទ​លេខ​មួយ​។

ប្រជាកសិករ​ក្នុង​ខេត្តពោធិ៍សាត់ ​បាន​សំដែង​នូវ​ការ​សប្បាយរីករាយ​ចំពោះ​តម្លៃ​ស្រូវ​ក្នុងឆ្នាំនេះ​ ដែល​តម្លៃ​នេះ អាច ធ្វើ​ឲ្យ​ពួកគេ​រក​ប្រាក់​ចំណេញ​ឃើញ មិន​ដូច​ឆ្នាំមុនៗ ដែល​ធ្វើបាន​សម្រាប់​តែ​រួចខ្លួន​នោះ​។

ជុំវិញ​ការប្រមូល​ផល​វិញ​ស្រូវ​នេះ អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​ផ្សព្វផ្សាយ ​ដល់​គ្រប់​បណ្តា​ស្រុក ​ក្រុង ឃុំ សង្កាត់ មិន​ឲ្យ​មាន​ការ​ប្រមូល​ទិញ​ផ្តាច់​មុខ​ទេ​ ធ្វើយ៉ាងណា​បើក​ឲ្យ​ឈ្មួញ​ចូល ​ទិញ​ដោយ​សេរី ​តាមរយៈ​ការប្រកួតប្រជែង​តម្លៃ​គ្នា ដែល​ធ្វើ​យ៉ាងនេះ​ គឺ​ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​ស្រូវ​របស់​កសិករ​៕