មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ​សម្រេច​បាន​ជោគជ័យ​លើ​ការ​បង្កាត់​ពូជ​បន្លែ

31

ស្ទឹងត្រែង ៖ ​ការដាំ​បន្លែ​សម្រាប់​លក់ គឺជា​មុខរបរ​បន្ទាប់បន្សំ​រប​ស់​កសិករ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មុខរបរ​នេះ ​អាច​ជួយ​រក​ប្រាក់​ចំណូល​បន្ថែម ​គួរសម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​កសិករ ​ចៀស​ផុត​ពី​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ ​ដែល​ប្រឈម​នឹង​ហានិភ័យ​។

មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង គ្រោង​បណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​បន្លែ​បន្ថែម​ទៅដល់​សហគមន៍​កសិក​រ​ចំនួន​៥​ទៀត​នៅ​ចុង ឆ្នាំនេះ ពីព្រោះថា ​ការ​បង្កាត់​ពូជ​បន្លែ​ត្រប់ និង​ប៉េងប៉ោះ ​ត្រូវបាន​សហគមន៍​ ក​សិ​ករ​នៅ​ឃុំ​សាម​ឃួ​យ ​ធ្វើ​សម្រេច​បាន​ផល​ល្អ ​ដែលជា ​ចំណែក​មួយ​ចូលរួម​លើក​កម្ពស់​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​។

ក្នុងពេល​ចុះ​ពិនិត្យ​ដំណាំ​បន្លែ​ប៉េងប៉ោះ និង​ត្រប់ នៅ​សហគមន៍​កសិករ ឃុំ​ភ្លុក ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ កាលពី​ម្សិល មិញ លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ​សហគមន៍​កសិករ ដែល​បាន បង្កើតឡើង ត្រូវមាន​បទពិសោធន៍ និង​ភាព​ច្នៃប្រឌិត​គ្រប់បែប​យ៉ាង​ក្នុង​ការដាំដុះ​បន្លែបង្ការ ធ្វើយ៉ាងណា​ឲ្យ​ផលដំណាំ ទទួល​បាន​ទិន្នផល​ខ្ពស់​។

លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន គម្រោង​សាកវប្បកម្ម បាន​បង្ហាត់បង្រៀន​កសិក​រ​ឲ្យ​ផ្លាស់ប្តូ​រ​ការ​ដំ​ដុះ​តាម​ទម្លាប់ ទៅ​អនុវត្តតាម​ លក្ខណៈ​បច្ចេកទេស​វិញ ដើម្បី​ធ្វើ​ឲ្យ​ការផលិត​បន្លែបង្ការ​ទ​ទួល​បាន​ផល​ច្រើន ធ្វើ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ល្អ​។

កសិករ​ឈ្មោះ វ៉ា ស្រាង ដាំ​ប៉េងប៉ោះ​នៅ​ឃុំ​សាម​ឃួ​យ ​បាន​ទទួលស្គាល់ថា ​កាលពីមុន កសិករ​នៅក្នុង​ឃុំ​នេះ ដាំ​បន្លែ​មិនសូវ ទទួល​បាន​ផល​នោះឡើយ​ ដោយសារតែ​ខ្វះ​បច្ចេកទេស ហើយ​នាំគ្នា​ដាំ​សម្រាប់​តែ​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​តែប៉ុណ្ណោះ​។ ក្រោយ ពី​បាន​ហាត់រៀន​បច្ចេកទេស​កសិកម្ម​កសិករ​បាន​បង្កើន​ការ​ដាំ​បន្លែ មិន​ទុក​ផ្ទៃដី​ឲ្យ​ទំនេរ​ឡើយ​។ ​ការប្រើ​បច្ចេកទេស​ក្នុង​ការដាំដុះ ពិតជា​ទទួល​បាន​ផល​ល្អ​។

លោក ប៉ង សុវណ្ណ​ឌី ជំទប់​ទី​១ ឃុំ​សាម​ឃួ​យ​ បាន​កត់​សម្គាល់ថា​ ការ​ដាំដុះ​បន្លែ​របស់​កសិករ ពិតជា​ចំណែក​មួយ​ជួយ​លើក ​ស្ទួយ​ជីវភាព ដោយ​មិនបាច់​ទៅ​ស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម​ឡើយ​។ ​លោក​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​នៃ​ការដាំ​នេះ​ ដល់​កសិករ​ផ្សេងៗ​ទៀត​ឲ្យ​មក​សិក្សា​ជាក់​ស្តែង និង​នាំគ្នា​អនុវត្តតាម​។

លោក តាំង ជី​ផេង មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ​បទពិសោធន៍​ទាំងនេះ មន្ត្រី​បច្ចេកទេស​កសិកម្ម នឹង​ព្យាយាម​ជួយ​បង្ហាត់បង្រៀន​ដល់​កសិករ​បន្ថែមទៀត ​ទៅលើ​ការប្រើប្រាស់​ជី ការ​ជ្រើសរើស​ពូជ ​ការធ្វើ​ដី និង​របៀប​ថែទាំ ដើម្បី​ធ្វើ​ឲ្យ​ដំណាំ​ទទួល​បាន​ផល​ច្រើន និង​គ្មាន​ជាតិគីមី ឋិត​ក្នុង​គម្រោង​សាកវប្បកម្ម​កម្ពុជា​។

គម្រោង​សាកវប្បកម្ម​កម្ពុជា គាំទ្រ​ថវិកា​ដោយ​ប្រទេស​ស្វី​ស ​និង​ចុះ​បង្ហាត់បង្រៀន​ដោយ​មន្ត្រី​អង្គការ​ដៃគូរ ហៅ​កាត់​ថា គម្រោង​ឆេន ​កំពុង​អនុវត្ត​ផ្ទាល់​ជាមួយ​កសិករ​ទៅតាម​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្តក្រចេះ​ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕