ដំណាំ​សណ្តែកដី​ក្នុង​ខេត្តមណ្ឌលគិរី ទទួលផល​ល្អ ​តែ​ប្រឈម​នឹង​បញ្ហា​ទីផ្សារ​

72

មណ្ឌលគិរី ៖ ​ពីមួយ​រដូវ​ទៅមួយ​រដូវ​កសិករ​នៅតាម​បណ្តា​ខេត្ត​នានា ​តែងតែ​បន្ត​ការដាំដុះ​ដំណាំ​ផ្សេងៗ​ដើម្បី​លក់ដូរ​ផ្គត់ផ្គង់​ជីវភាព ​គ្រួសារ​។ ការ​ដាំ​ដំណាំ​អាច​ទទួល​បាន​ផល​ល្អ ឬ​មិនល្អ​អាស្រ័យ​ទៅលើ​អាកាសធាតុ​ជា​ចម្បង​។ ឆ្នាំនេះ កសិករ​ក្នុង​ខេត្ត មណ្ឌលគិរី បាន​ឲ្យ​ដឹងថា ​ការដាំដុះ​ដំណាំ​សណ្តែកដី​គឺ​ដំណើរ​ការល្អ​ និង​ទទួល​ផល​ជាទី​ពេញចិត្ត​។

ប្រជាកសិករ​ដាំ​ដំណាំ​សណ្តែកដី​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ពួកគេ​មានការ​សប្បាយចិត្ត​ជុំវិញ​ការ​បង្កបង្កើន ផលដំណាំ​សណ្តែក​ដី​ក្នុងឆ្នាំនេះ ​គឺ​ដំណើរការ​ទៅ​យ៉ាង​រលូន ព្រោះតែ​អាកាសធាតុ​អំណោយផល​ល្អ ពោល​គឺមាន​ភ្លៀង ធ្លាក់​គ្រប់គ្រាន់​ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លៃ​សណ្តែក​ដី​វិញ ក្នុងឆ្នាំនេះ ​មានការ​ធ្លាក់ចុះ​ទៅវិញ​។

ប្រជាកសិករ​ដាំ​ដំណាំ​សណ្តែកដី​ បាន​ឲ្យ​ដឹងថា ​ដំណាំ​សណ្តែកដី គឺអាច​ដាំ​បាន​ទាំងពីរ​រដូវ គឺ​រដូវប្រាំង និង​រដូវវស្សា ដោយ​ចាប់​ដាំ​ពី​ដើមខែ​ឧសភា ដល់​ខែសីហា និង​ពី​ខែសីហា ​ដល់​ខែវិច្ឆិកា​។ ចំពោះ​ការដាំដុះ គឺ​ប្រើ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ អាច​ប្រមូល​ផល​បាន​ហើយ ​ចំណែក​ទិន្នផល​ដែល​ទទួល​បាន ​គឺ​អាស្រ័យ​លើ​អាកាសធាតុ ប្រសិនបើ​អាកាសធាតុ​អំណោយ ផល គឺ​ក្នុង​១​ហិកតា​អាច​ទទួល​ផល​បាន​២​តោន តែបើ​អាកាសធាតុ​មិន​អំណោយផល ទិន្នផល​អាច​ថយចុះ​។

ក្រុម​កសិករ ​បាន​ឲ្យ​ដឹងថា ការដាំ​សណ្តែកដី​នេះ ជួប​ការ​លំបាក​ខ្លះ​ដែរ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រដូវ​ខ្លះ​ ទទួល​បាន​ទិន្នផល​តិច ដោយសារ​សត្វល្អិត​ចង្រៃ​បំផ្លាញ ដូចជា ស្រមោច ដង្កូវ ឬ​កណ្តុរ​។

ប្រជាកសិករ​ បានបញ្ជាក់​ថា ឆ្នាំនេះ តម្លៃ​សណ្តែកដី​មានការ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​លក់​បាន​ត្រឹមតែ ២​ពាន់​៧០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ដែល​ឆ្នាំមុន​លក់​បាន​រហូតដល់​ទៅ​៣​ពាន់​៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​ ការធ្លាក់ចុះ​តម្លៃ​នេះ ដោយសារតែ​ឈ្មួញ​កណ្តាល​ធ្វើការ​ទម្លាក់​តម្លៃ ហើយ​ក្នុង​បញ្ហា​នេះ​ ប្រជាកសិករ​បាន​សំណូមពរ​ឲ្យ ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​ត​ម្លៃ​ទីផ្សារ​ឲ្យ​បាន​ខ្ពស់​ជាង​នេះដែរ ដើម្បី​ធ្វើ​ជីវភាព​របស់​កសិករ​ដាំ​សណ្ដែក​កាន់តែ​ប្រើ​សើរ​។

ប្រធាន​ការិយា​ល័យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានប្រាប់​ថា​ ចំពោះ​បញ្ហា​តម្លៃ​ទីផ្សារ​សណ្ដែកដី គឺ​អាជ្ញាធរ​ខេត្ត​មិន​អាច​កំណត់​បានទេ ព្រោះ​ផលដំណាំ​សណ្ដែកដី របស់​ខ្មែរ​ពុំទាន់​មាន​គ្រប់​តម្រូវការ​ទីផ្សារ​សកល ដូច្នេះ​គឺ​ពឹង​ផ្អែកលើ​ទីផ្សារ​ប្រទេសជិតខាង ប្រសិនបើ​ទីផ្សារ​នៅ​ខាងគេ​ល្អ ​គេ​ទទួល​ទិញ​ពី​កសិករ​កម្ពុជា​ខ្ពស់ ​ប៉ុន្តែ​បើ​ទីផ្សារ​សណ្ដែកដី​នៅ​ប្រទេស​គេ​ចុះថោក គេ​ទទួល​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​ទាប តាម​នោះដែរ​។

លោក​ បាន​បន្តថា ហាងឆេង​តម្លៃ​សណ្ដែកដី គិត​ត្រឹម​ថ្ងៃទី​១៣ ​ខែ វិច្ឆិកា នេះ គឺ​ប្រហែល​២​ពាន់​៨០០​រៀល ក្នុង​មួយ​គីឡូ ក្រាម ​ហើយ​នៅ​ពេល​ខាងមុខ​ នឹង​អាច​ឡើង​ដល់​ជាង​៣​ពាន់​រៀល​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី ​បាន​ឲ្យ​ដឹង​ដែរ​ថា ដំណាំ​សណ្តែកដី​ក្នុង​ ខេត្តមណ្ឌលគិរី ​មាន​ផ្ទៃដី​សរុប​ចំនួន​៣​ពាន់​៥០០​ហិកតា ​ហើយ​ប្រជាកសិករ​ចូលចិត្ត​ដាំ​ដំណាំ​សណ្តែកដី​នេះ​ ដោយសារ ការដាំដុះ​ មាន​រយៈពេល​ខ្លី ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ហើយ ​ហើយ​ក្រោយពី​ប្រមូល​ផល​រួច​ ប្រជាកសិករ​ អាច​ធ្វើ​ការដាំ​ដំណាំ​ ផ្សេងទៀត ដូចជា ពោត និង​ដំឡូង​៕