តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត ​កំពុងផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ និង​បរទេស​ជិត​៦​ម៉ឺន​នាក់

38

ស្វាយរៀង ៖ ខេត្តស្វាយរៀង ​ជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី​ខេត្ត ដែល​ប្រជាពលរដ្ឋ​រក​ប្រាក់​ចំណូល​មិន​គ្រប់​នឹង​ការ ​ចំណាយ​ផ្គត់ផ្គង់​ជីវភាព​ផង​ទេ​ កាលពីមុន​ តែ​បច្ចុប្បន្ន ​បាន​ក្លាយ​​ជា​ជង្រុក​ស្រូប​យក​បាន​រូបិយប័ណ្ណ ​បរទេស​ មិន​ក្រោម​ពី​១១​ ទៅ​១២​ លាន​ដុល្លារ​ទេ​ក្នុង​មួយខែៗ ​តាមរយៈ​ការបម្រើ​ការងារ​នៅ​តាម​រោងចក្រ ​សហគ្រាស ក្លឹប​កម្សាន្ត​ កាស៊ីណូ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។

ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ និង​ខេត្ត​ជិតខាង​ និង​ជនជាតិ​បរទេស សរុប​ជាង​៦​ម៉ឺន​នាក់ ​កំពុង​ទទួល បាន​អត្ថប្រយោជន៍​ការងារ​ពី​មូលដ្ឋាន​ផលិត​ទាំង​១៦១​កន្លែង​នៅក្នុង​ខេត្ត ​ដែលជា​កត្តា​ជួយ​លើក​ស្ទួយ​កម្រិត ជីវភាព​របស់​អ្នក​ខេត្តស្វាយរៀង ​ដែល​ពីមុន​មិនសូវ​ធូរធារ​នោះ​។

លោក ហាស់ ប៊ុ​ន្ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ខេត្តស្វាយរៀង​ បាន​ប្រាប់​BTV​ថា ចាប់ពី​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានប្រកាស​បើក ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង​ ក្នុង​ឆ្នាំ​២០០៥​ រហូតមកដល់​បច្ចុប្បន្ន​នេះ កូនចៅ​ប្រជាពលរដ្ឋ នៅ ក្នុង​ខេត្តស្វាយរៀង ​និង​ខេត្ត​ជិត​ខ​ង និង​កម្មករ​បរទេស បាន​ចូលរួម​បម្រើ​ការងារ​នៅតាម​រោងចក្រ សហគ្រាស ​នៅក្នុង​តំបន់​សេដ្ឋកិច្ច តំបន់​ផ្សេងៗ​ទៀត​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ក្រុង​បាវិត ក្រុង​ស្វាយរៀង បាន ជាង​៦​ម៉ឺន​នាក់ ​ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​ពីលើ​របប​កសិកម្ម និង​សិប្បកម្ម​តូចតាច​។

លោក​ បាន​បន្តថា បច្ចុប្បន្ន នៅ​ខេត្តស្វាយរៀង​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៨​កន្លែង ដែល​កំពុង ដំណើរការ​បង្កើត​ជា​រោងចក្រ សហគ្រាស​កាត់ដេរ​សំលៀកបំពាក់ ដេរ​ស្បែកជើង ​ផលិត​កង់ ផលិត​នាឡិកាដៃ ​ផលិត​ខ្មៅ​បូ​ឡុង ​និង​ផលិត​សម្ភារៈ ​កែ​លម្អ​គេហដ្ឋាន សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​ក្លឹប​កម្សាន្ត ​ការ​ស៊ី​ណូ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ស្រូប​យក​រូបិយប័ណ្ណ ​បរទេស ​ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ ​បាន​ច្រើន​បង្គួរ​ក្នុង​១​ខែៗ ​តាម​ការ​ស្ម័គ្រចិត្ត​បំពេញការងារ​របស់​ពួកគេ​។

ខេត្តស្វាយរៀង ជា​ខេត្ត​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ខេត្ត​នេះ ក្រៅពី​របរ​កសិកម្ម​ផលិត​ស្រូវ និង​ធ្វើ​សិប្បកម្ម​តម្បាញ​កន្ទេល ​ផលិត​ស្ករត្នោត នៅ​រដូវប្រាំង​គ្មាន​តំបន់​ណាមួយ ​ដើម្បី​ឲ្យ​ក្រុម​កសិករ​កែច្នៃ​រក ប្រាក់ចំណូល​បានទេ ហើយ​ក្រោយពី​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច ពិសេស​នៅក្នុង​ខេត្ត​ពី​ឆ្នាំ​២០០៥​មក ​កូនចៅ​កសិករ​ក្នុង​ខេត្ត និង​ខេត្ត​ជិតខាង បាន​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម រោងចក្រ សហគ្រាស ក្លឹប​កម្សាន្ត កាស៊ីណូ បាន​ជាង​៦​ម៉ឺន​នាក់ ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ មានការ​កើន ឡើងជា​លំដាប់ ​រួមចំណែក​កែ​លម្អ​ជីវភាព តាមរយៈ​ការ​កសាង​គេហដ្ឋាន​ថ្មីៗ ​សម្ភារៈ ​​ប្រើប្រាស់​សមរម្យ ស្រប តាម​ប្រទេសជាតិ​បាន​នឹង​កំពុង​បោះ​ជំហាន ​ទៅកាន់​ត្រើយ​សុភមង្គល ក្រោម​គោលនយោបាយ​ជាតិ​កាត់បន្ថយ​ ភាពក្រីក្រ​នៅតាម​តំបន់​ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជុំវិញ​នៃ​ការ​គិតគូរ​បន្ថែម​ប្រាក់ចំណូល​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ឲ្យ​មានការ​កើនឡើង​ កម្មករ​ កម្មការិនី បាន បញ្ជាក់​ដោយ​មោទនភាព​ថា​ បច្ចុប្បន្ន ពួកគេ​បាន​ធ្វើការ​នៅក្នុង​រោងចក្រ សហគ្រាស​នានា​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​នេះ​ជាមួយ​ នឹង​ការទទួលបាន​កម្រៃ​ពលកម្ម​ល្អ​បង្គួរ​។ ពួកគេ​បាន​សំដែង​នូវ​ការ​ដឹងគុណ​ចំពោះ សម្តេច ​ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ឯទៀត ដែល​បាន​ខិតខំ​រក​ក្រុម​វិនិយោគទុន មករក​ស៊ី​បង្កើត​រោងចក្រ សហគ្រាស ឲ្យ​ពួកគេ​បាន​ចូល​បម្រើ​ការងារ ស្រូប​យក​ចំណូល​បំប៉ន​ជីវភាព​គ្រួសារ រួម​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តំបន់​ជន បទ តាមរយៈ អ្នកធ្វើ​ច្រើន​ទទួល​បាន​ផល​ច្រើន និង​សន្សំសំចៃ​ផង​៕