សមត្ថកិច្ច​បិទ​ទីតាំង​លក់​ឱសថ និង​អាហារ​បំប៉ន​សុខភាព​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប

92

សៀមរាប ៖ ​ឱសថ និង​អាហារ​បំប៉ន​សុខភាព​ កំពុង​ត្រូវ​បាន​គេ​ធ្វើការ​ផ្សព្វផ្សាយ​ និង​ចែកចាយ​លក់​យ៉ាងសកម្ម ​ជាពិសេស តាម​ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ ​ខណៈ​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ច្បាស់ ​ថា​តើ ឱសថ និង​អាហារ​បំប៉ន​ទាំងនោះ ​ពិត​ជា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពួកគាត់​មែន រឺ​ក៏​អត់​នោះ​។

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប និង បិទ​ទីតាំង​លក់​ផលិតផល​ឱសថ​ និង​អាហារ​បំប៉ន​សុខភាព​តាម​អនឡាញ ​មួយ​កន្លែង​ ជា​បណ្ដោះអាសន្ន ​បន្ទាប់ពី​រកឃើញ ថា គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​។

ការបិទ​ទីតាំង​ខាងលើនេះ ​ធ្វើឡើង​កាលពី​រសៀល​ម្សិលមិញ ​ឋិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៦ ក្នុង​ភូមិ​បន្ទាយ ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត សៀមរាប ​បាន​អោយ​ដឹងថា ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ប្រឆាំង​បទ ល្មើស បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ និង​បិទ​ទីតាំង​លក់​លក់​ផលិតផល​ឱសថ​ និង អាហារ​បំប៉ន​សុខភាព​តាម​អន​ឡាញ​ ជា​បណ្ដោះអាសន្ន បន្ទាប់ពី​រកឃើញថា​ ទីតាំង​ធ្វើ​អាជីវកម្ម​នោះ មិនបាន​ចុះបញ្ជី​ការ និង​គ្មាន​ការអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ស្តីពី ​ច្បាប់​វិសោធនកម្ម ​ និង​ច្បាប់ ស្តីពី​ការ​គ្រប់គ្រង​ឱសថ​។

សមត្ថកិច្ច​ បានអោយដឹងថា ​ទីតាំង​អាជីវកម្ម​ខុសច្បាប់​នោះ មាន​យីហោ លីមីត លេស ​អ៊ិ​ម៊ែ​ជី​ណេ​សិន II​។ ​សមត្ថកិច្ច ក្នុង​ប្រតិបត្តិការ​នោះ បាន​ដកហូត​វត្ថុ តាង​ផលិតផល​ចំនួន​១០​មុខ ​ដែល​ក្រុមហ៊ុន​ នាំចូល​មកពី​ប្រទេស​ថៃ​ និង​ធ្វើការ​នាំខ្លួន​ អ្នកគ្រប់គ្រង​ចំនួន​២​នាក់​ទៅ​សួរនាំ​នៅ​ការិ​យាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​ព្រមទាំង​ បិទ​ទីតាំង ​ខាងលើនេះ​ជា​បណ្តោះ​អាសន្ន​ផងដែរ​។ ​អ្នកគ្រប់គ្រង​ជំនួស​ថៅកែ​ថៃ​ទាំង​២​នាក់​នោះ​ ជា​អ្នក​មើលការខុសត្រូវ​ក្នុង​ក្រុម ហ៊ុន ជា​អ្នក​ពន្យល់​ណែនាំ​ និង​ប្រាប់​ពី​វិធី​បង្ហោះ​ផលិតផល​របស់​ក្រុមហ៊ុន​ក្នុង​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឱ្យ​ទាក់ទាញ​អតិថិជន​។

លោក​វរសេនីយ៍ឯក សឿន សេន បានបញ្ជាក់​ទៀតថា ​ផលិតផល​ឱសថ​ និង​អាហារ​បំប៉ន​គ្មាន​ចុះបញ្ជី​ការ​នោះ​ មាន​ចំនួន​១០​មុខ​ ក្នុងនោះ មាន ​ឱសថ​អាហារ​បំប៉ន​សុខភាព​ ចំនួន​៣​មុខ​ មាន​ចំនួន​៩៨​កំប៉ុង​ ស្មើ​២​ពាន់​៩៤០​គ្រាប់ ​និង គ្រឿងសម្អាង ចំនួន​៧​មុខ​ ស្មើនឹង​៧៦​ប្រអប់​។

លោក​បាន​បន្តទៀតថា កម្លាំង​ជំនាញ​បានប្រគល់​វត្ថុតាង​ទាំងអស់​ទៅ​ឱ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដើម្បី​ធ្វើ​ការដុត ​កម្ទេចចោល​។ ​បច្ចុប្បន្ន អ្នកគ្រប់គ្រង​ទាំងពីរ​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ធ្វើការ​សាកសួរ​ និង​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា ​អម​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕