សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​បងប្អូន​ខ្មែរ​នៅ​កាណាដា​យ៉ាង​កក់​ក្តៅ

60

ភ្នំពេញ ៖ ​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​បាន​ទៅ​ដល់ ប្រទេស កាណាដា​ ហើយ​ដោយ​សុវត្ថិភាព ​និង​មាន​ការ​ទទួល​រាក់ទាក់​យ៉ាង​កក់​ក្តៅ​ពី​បងប្អូន​ខ្មែរ​ ដែល​រស់នៅ​ទី នោះ​ផងដែរ​។

ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា​ ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ និង ​ ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារជាតិ ស្តីពី​ការ​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​​ អង្គការសហប្រជាជាតិ​នៅ​ទីក្រុង វែ​ន​គូ​វឺ ​ប្រទេស​កាណាដា ​នៅ​យប់​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រូវ​នឹង​ព្រឹក​ថ្ងៃទី ១៣ ខែវិច្ឆិកា ​ឆ្នាំ ២០១៧ នៅ​ប្រទេស​កម្ពុជា​សម្តេច​ ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោកជំទាវ​ព្រមទាំង​សមាជិក​ប្រតិភូ​ទាំងអស់ ​បាន​អញ្ជើញ​ទៅដល់​ព្រលាន​យន្តហោះ​ទីក្រុង​វែ​ន​គូ​វឺ ​ប្រទេស​កាណាដា​ ដោយ​បាន​ទទួល​ការ​ស្វាគមន៍​ពី ​ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត ​តំណាង​អចិន្ត្រៃយ៍​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​និង ពី​បងប្អូន​អាណិកជន​ខ្មែរ ជា​សមាជិក ​សមាជិកា​ គណបក្ស​ប្រជាជន​កម្ពុជា ​រស់នៅ​ទីក្រុង​វែ​ន​គូ​វឺ ប្រទេស​កាណាដា​យ៉ាង​ច្រើន​កុះករ​ផងដែរ​។

សូមបញ្ជាក់ថា​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី ១២ ខែវិច្ឆិកា​ឆ្នាំ ២០១៧​ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ ​និង ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ ​ស្តីពី​ការរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង ​វែ​ន​គូ​វឺ ប្រទេស កាណាដា​ ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ។

គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​វាយ​តំ​លៃ​ការ​ប្តេជ្ញាចិត្ត​នាពេល​កន្លងមក​ក្នុង​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព និង បន្ត​ជំរុញ​អោយមាន​ការ​ប្តេជ្ញា​ចិត្ត​ថ្មីៗ​ទៀត ​។ លើក​កម្ពស់​កំណែ​ទម្រង់​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​តាមរយៈ​ កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​សមាជិក​ និង អង្គការសហប្រជាជាតិ​ដើម្បី​កែ​លំអរ​សមត្ថភាព​ក្នុង​ការ​ធ្វើផែនការ ​និង ការអនុវត្ត​ការងារ​អោយ​កាន់តែ​ប្រសើរ ។

ជំរុញ​អោយមាន​ដំណោះស្រាយ​ប្រកបដោយ​ហេតុផល​និង ​ការកែច្នៃ​​ប្រឌិត​ដើម្បី​ធ្វើអោយ​ប្រតិបត្តិការ​រក្សាសន្តិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព​។ កិច្ចប្រជុំ​នេះ​ក៏​មាន​គោលបំណង​កែ​លំអរ​ប្រសិទ្ធភាព ​ការងារ​តាមរយៈ​ការ​បង្កើន​ការចូលរួម​របស់​ស្រី​ក្នុង​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​ ដើម្បី​ធានាថា ​ស្រី​ត្រូវ​បាន​ផ្តល់​សិទ្ធ​អំណាច និង​ទស្សនវិស័យ​យេនឌ័រ​ត្រូវបាន​ បញ្ចូល​ក្នុង​ទិដ្ឋភាព​ទាំងអស់​នៃ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ហើយ​កិច្ចប្រជុំ​នេះ​ទៀត ​នឹង​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​លើ​វិស័យ​រក្សា​សន្តិភាព ​តាមរយៈ​ការប្រកាស បញ្ចូល​កម្លាំង​ត្រៀម បម្រុង​​ និង​ការ​បង្កើន​ការ​ចល័ត​អោយ​បាន​រហ័ស​ផងដែរ​៕