ទំនិញ​កម្ពុជា​នៅតែ​អាច​ដឹកជញ្ជូន​ឆ្លងកាត់​តាម​ប្រទេស​ថៃ​ ជា​ប្រក្រតី

98

ភ្នំពេញ ៖ ទំនិញ​របស់​កម្ពុជា​នៅតែ​អាច​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ថៃ​ ទៅ​ប្រទេស​ទី​៣​ ជា​ប្រក្រតី រហូតដល់​ប្រទេស​ទាំងពីរ​ មាន​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការ​ដឹកជញ្ជូន​រវាង​កម្ពុជា​ និង​ថៃ​។

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ បាន​ថ្លែងប្រាប់​ប៊ី​ធី​វី​ថា ​បើទោះបីជា​ច្បាប់​គយ​ថ្មី​របស់​ថៃ ​ដែល​នឹង​ហាមឃាត់​មិន​ឲ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ថៃ ​ត្រូវ​ចូល​ជា​ធរ​មាននៅ​ថ្ងៃទី​១៣ ​ខែ វិច្ឆិកា ឆ្នាំ​២០១៧​នេះ​យ៉ាង​ណាក្តី តែ​សម្រាប់​ ការដឹក​ទំនិញ​តាម​ផ្លូវគោក​ចេញពី​ប្រទេស​កម្ពុជា ​ទៅកាន់​ប្រទេស​ទី​៣ ឬ ដឹក​ពី​ប្រទេស​ទី​៣ ចូល​មក​កាន់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ថៃ​ អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ជា​ធម្មតា រហូតដល់​មានការ​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការ​ដឹកជញ្ជូន​រវាង​ក​ម្ពុ​ជា និង​ថៃ​។

មន្ត្រី​ខាងលើ​ បាន​ឲ្យ​ដឹងថា ទោះបីជា​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​មិន​អាច​ចុះហត្ថលេខា​មុន​កាលបរិច្ឆេទ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ ដែល​ចូល​ជា​ធរ​មាននៅ​ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៧ ក៏ដោយ ក៏​រដ្ឋបាល​គយ​ថៃ នឹង​ចេញ​សេចក្តីជូន​ដំណឹង​ដល់​សាធារណជន ​អំពី​ការបន្ត​ប្រក្រតីភាព​ នៃប្រតិបត្តិ​ការដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ទី​៣ ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​នាំ​ចូល​មក​កម្ពុជា ។

លើសពីនេះ ការដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​នាំចេញ​ទៅ​ប្រទេស​ទី​៣ រហូតដល់​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​រវាង​ភាគី​ទាំងពីរ​។​នៅ​ថ្ងៃទី​១៣​ ខែ វិច្ឆិកា ឆ្នាំ​២០១៧​នេះ ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ ដែល​ហាមឃាត់​មិន​ឲ្យ​មានការ​ដឹកទំនិញ​តាម​ផ្លូវគោក​ឆ្លងកាត់​តាម​ប្រទេស​របស់ខ្លួន​នោះ ​បាន​ចូល​ជា​ធរមាន​ហើយ​។

ច្បាប់​ថ្មី ក៏​ក្លាយ​ជា​ឧបសគ្គ​ផងដែរ ​សម្រាប់​អ្នក​រកស៊ី​នៅ​កម្ពុជា ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ ចេញទៅ​កាន់​ប្រទេស​ទី​៣ ក៏ដូចជា​ការ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ទី​៣ ​ចូល​មក​កាន់​កម្ពុជា​។

ទោះបីជា​យ៉ាងណា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជាមួយ​រដ្ឋបាល​គយ​ថៃ ​កំពុង​ធ្វើ​អនុស្សរណៈ ​យោគយល់​រួមគ្នា​មួយ​ស្តីពី​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​។ ​តែ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ មិនទាន់​បាន​ចុះហត្ថលេខា​នៅឡើយ​ទេ​ ដោយសារ​ភាគី​ថៃ ​ត្រូវការ​ពេលវេលា​បំពេញ​នីតិវិធី​ផ្ទៃក្នុង​។​

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្ដេជ្ញា​ថា អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា នឹង​ប្រឹងប្រែង​ឲ្យ​អនុស្សរណៈ ​នៃ​ការយោគយល់​ស្តីពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​រវាង​ប្រទេស​ទាំងពីរ​លេចចេញ​ជា​រូបរាង ​ឲ្យ​បាន​ឆាប់ ​ដើម្បី​សម្រួល​ដល់​អ្នក​រកស៊ី​នៅ​កម្ពុជា​ក្នុង​ការ​ដឹកជញ្ជូន​ទំ​និង​ឆ្លងកាត់​ប្រទេស​ថៃ​ ចេញពី​កម្ពុជា​ ទៅកាន់​ប្រទេស​ទី​៣ ​ឬ ពី​ប្រទេស​ទី​៣​ ចូលមក​កាន់​ប្រទេស​កម្ពុជា​៕