កង​កម្លាំង​ចម្រុះ​​ដឹក​នាំ​ដោយ​​អារ៉ាប់ប៊ីសាអូឌីត​​បញ្ជាក់​ពី​ការ​បើក​​ចំហ​តាម​​កំពង់ផែ​ក្នុង​ប្រទេស​យេមែន​

57

យេមែន៖ ក្រុម​ចម្រុះ​បាន​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ ​​ក្នុង​សេចក្ដី​​ថ្លែងការណ៍​មួយ​​​អាន​ដោយ​​លោក​ អាប់ដាល់ឡាស់ អាល់មួរអាលីមី ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌីត​​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​ថា កំពង់ផែ​​មួយ​ចំនួន​​ដែល​គ្រប់​គ្រង​ដោយ​​រដ្ឋាភិបាល​និរទេស​យេមែន​​ នឹង​ត្រូវ​បើក​​ដំណើរ​ការ​​ឡើង​វិញ​​នា​ពេល​ឆាប់​ៗ​។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​កំពង់ផែ​មួយ​ចំនួន​ទៀត​​ ដែល​មាន​​ទាំង​កំពង់ផែ​​ហូដេដាស់​ក្រោម​ការ​គ្រប់​គ្រង​​របស់​ក្រុម​ហួរទី​​នោះ​ផង​ដែរ​ ហើយ​កំពុង​ផែ​ទាំង​នោះ​ខ្លះ​​មាន​ការ​ដឹក​ជញ្ជូន ​ចំណី​អាហារ​ផ្គត់ផ្គង់​ដល់​យេមែន​​ចំនួន ៨០​%​ នោះ​នឹង​នៅ​តែ​​បិទ​មិន​ឲ្យ​មាន​ដំណើរ​ការ ​រហូត​ទាល់​តែ​មាន​ការ​បញ្ជាក់​ឡើង​វិញ​ពី​អង្គការ​សហប្រជាជាតិ​ទៅ​លើ​របប​​នេះ ដើម្បី​​ឲ្យ​ធានា​ថា​មិន​មាន​ដឹក​ជញ្ជូន​​អាវុធ​​ ទៅ​ដល់​​ដៃ​ក្រុម​អ្នក​ប្រយុទ្ធ​​ហួរទី​ នេះ​ជា​ការ​បញ្ជាក់​​ក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​នេះ។ ក្រុម​ចម្រុះ​​ស្ថិត​ក្នុង​ការ​ពិគ្រោះ​​យោបល់​ និង​មាន​​ការ​ព្រមព្រៀង​​ទាំង​ស្រុង​​ជាមួយ​រដ្ឋាភិបាល​​ស្រប​ច្បាប់ និង​ចាប់​ផ្ដើម​​បោះ​ជំហាន​​ឆ្ពោះ​ទៅ​​រក​ ការ​បើក​ឲ្យ​ដំណើរ​ការ​​ឡើង​វិញ​នូវ​​កំពង់​ផែ​នានា និង​អាកាស​យានដ្ឋាន​​​នៅ​ក្នុង​ប្រទេស​យេមែន​ ដើម្បី​អនុញ្ញាត​​​​ឲ្យ​មាន​​ការ​ដឹក​ជញ្ជូន​​ទំនិញ​ពាណិជ្ជកម្ម​ និង​ជំនួយ​មនុស្ស​ធម៌។

ក្នុង​ការ​ពិគ្រោះ​​យោបល់​នេះ​​បញ្ជាក់​ថា ​ជំហាន​ដំបូង​​នឹង​ចាប់ផ្ដើម​​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង និង​រាប់​បញ្ចូល​ទាំង​កំពង់​ផែ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​​អេដេន និង​ទីក្រុង​​អាល់ម៉ូក​ខា​នៅ​សមុទ្រ​​ក្រហម​​ ដែល​កំពង់​ផែ​ទាំង​នេះ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ហាឌី៕

អត្ថបទ៖ រិទ្ធី