មនុស្ស​ប្រហែល ​១​ពាន់​នាក់​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​ ត្រាំ ​និង​បាន​ប៉ះ​ទង្គិច​ជាមួយ​នគរបាល​ក្នុង​ក្រុង​ម៉ានីល​

91

ហ្វីលីពីន៖ ​អ្នក​តវ៉ា​ប្រហែល ​១​ពាន់​នាក់​បាន​ប៉ះទង្គិច​ ជាមួយ​នគរបាល​បង្ក្រាប​កុបកម្មក្នុង​ទីក្រុងម៉ានីលកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ប្រឆាំង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ Donald Trump​ ខណៈ​ជំនួប​ប្រជុំ​តំបន់​មាន​រយៈពេល​ ២​ថ្ងៃ​បាន​ធ្វើឡើង​។​​កងកម្លាំង​នគរបាលប្រមាណ​ ៥០០​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ ​និងខែល​ការពារ​ បានរុញច្រាន​ក្រុម​អ្នក​តវ៉ា​មិន​ឲ្យ​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិហ្វីលីពីន​ ជាទី​ដែល​កិច្ចប្រជុំ​នានា​រវាង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស​កំពុង​ធ្វើឡើង​។​ យ៉ាងហោចណាស់​នគរបាល​ម្នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​របួស​ ក្នុង​ការ​ប៉ះទង្គិចជាច្រើនលើក ប៉ុន្តែ​មិន​មាន​សេចក្ដីរាយការណ៍​ពី​ចំនួន​អ្នក​រង​របួស​នោះ​ទេ​។​ ​នៅ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ដែរ ក្រុម​សកម្មជន​ហ្វីលីពីន​បាន​ដុត​រូប​មេដឹកនាំ​ពិភពលោកមួយ​ចំនួន​ នៅ​កន្លែង​តវ៉ា​មួយ​ក្នុង​ទីក្រុងម៉ានីល ស្រប​ពេល​កិច្ចប្រជុំកំពូលកំពុងប្រព្រឹត្តទៅ​។ ក្រោយមក​ក្រុម​សកម្មជន​ដែល​មាន​គ្នា​ប្រមាណ​ ១​ពាន់​នាក់​បាន​តវ៉ា​នៅ​ចម្ងាយ​ប្រហែល​១ គីឡូម៉ែត្រ​ពី​មជ្ឈមណ្ឌល​សន្និបាត​នោះ ​និង​ដុត​រូបសំណាក​លោក​ ត្រាំ​ ដែល​មាន​ទំហំ​ ៤​ម៉ែត្រ​។

​​ក្រុម​អ្នក​តវ៉ា​និយាយ​ថា ពួក​ក​គេ​ព្រួយបារម្ភ​ខ្លាច​មេដឹកនាំ​ទាំងនោះ ​មិនបាន​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ឲ្យ​បាន​គ្រប់គ្រាន់​ និងមិន​លើក​យក​បញ្ហា​ភាព​ក្រីក្រ មក​និយាយ​ក្នុង​កិច្ចប្រជុំ​តំបន់​មួយ​នេះ​ព្រោះថា​ ពួកគេ​ចង់​ឃើញលើកឡើង​ពី​បញ្ហា​នេះ។​ ប្រទេស​ហ្វីលីពីនគឺជាចំណុច​សំចត​ចុងក្រោយ​ នៃដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស៥ ក្នុង​តំបន់​អាស៊ីរបស់​លោក ត្រាំ ជាទី​ដែល​លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​មេដឹកនាំ​ជាច្រើនទៀត​មកពីបណ្ដា​ប្រទេស ជា​សមាជិក​កិច្ចប្រជុំកំពូលអាស៊ី​ខាងកើតដូចជា ចិន, ជប៉ុន, កូរ៉េខាងត្បូង និងអូស្ត្រាលីក្នុង​ជំនួប​រយៈពេល​ ២​ថ្ងៃ​។​ មុន​ពេលមកដល់​ហ្វីលីពីន​លោក ​ត្រាំ​ លើកឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​នៃ​កិច្ចប្រជុំ​អេ​ប៉ិក​ថា លោក​នឹងស្ម័គ្រចិត្ត​ជួយ​សម្របសម្រួល​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​៕

​អត្ថបទ៖ សុខ​មាន